ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ Messi បង្ហាញខ្លួននៅទីក្រុង Doha ចំពេលមានពាក្យចចាមអារ៉ាមអំពីការចាកចេញពី PSG
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ តារាឆ្នើមសញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានអវត្តមានពីការហ្វឹកហាត់នៅ PSG ដោយសារហេតុផលផ្ទាល់ខ្លួន ខណៈក្លិបយក្សបារាំងមួយនេះ ក៏មិនបានបង្ហាញពីមូលហេតុជាក់លាក់ចំពោះការអវត្តមាននោះដែរ ចំពេលដែលមានពាក្យចចាមអារ៉ាមអំពីការចាកចេញពី PSG។
បើតាមប្រព័ន្ធផ្សព្វផ្សាយកាតាបានបង្ហាញថា កីឡាករអាហ្សង់ទីន បានអវត្តមានពីក្លឹប PSG ដោយសារគាត់រវល់ធ្វើដំណើរទៅទីក្រុងដូហា ដើម្បីចូលរួមព្រឹត្តិការណ៍មួយ។ ទោះជាយ៉ាងណាក៏ដោយ ដំណើររបស់ Messi នៅមជ្ឈិមបូព៌ាគឺរក្សាការសម្ងាត់ទាំងស្រុង ហើយគ្មាននរណាម្នាក់ ដឹងថា Messi ចូលរួមព្រឹត្តិការណ៍ជាក់លាក់ណាមួយឡើយ។
មែនទែនទៅ អនាគតរបស់ Messi នៅ PSG កំពុងក្លាយជាប្រធានបទក្ដៅរួចទៅហើយ ដោយកីឡាករអាហ្សង់ទីន បានសម្តែងការខកចិត្ត ចំពោះទម្រង់លេងមិនល្អរបស់ PSG ក្នុងក្របខ័ណ្ឌ Champions League ។ យោងតាមសារព័ត៌មាន L’Equipe បានឱ្យដឹងថា Messi បានដាក់លក្ខខណ្ឌជាមួយ PSG ប្រសិនបើក្លិបចង់ឱ្យគាត់បន្តស្នាក់នៅនោះ គឺក្លិបត្រូវធ្វើយ៉ាងណាពង្រឹងក្រុម ដើម្បីអាចប្រកួតប្រជែងក្នុងពាន Champions League នៅរដូវកាលក្រោយ។
ទន្ទឹមនឹងនេះ Messi ក៏ត្រូវបានក្រុម Al Hilal ដែលជាក្រុមអ្នកមានរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ចង់បានរូបគេផងដែរ។ ប្រភពមួយបាននិយាយថា ភាគី Al Hilal មានឆន្ទៈក្នុងការចុះកិច្ចសន្យា ដែលមានតម្លៃសរុប ៣០០ លានអឺរ៉ូ ។ លើសពីនេះទៅទៀត ក្រុមចាស់ Barcelona ក៏ប្រកាន់យកមហិច្ឆតាចង់បាន Messi ត្រឡប់ទៅវិញដែរ។
ម្យ៉ាងមិញទៀត កិច្ចសន្យារបស់ Messi នៅ PSG នឹងផុតកំណត់ត្រឹមដំណាច់រដូវកាលនេះ ដូច្នេះអាចទេ ដែលថាកីឡាករសញ្ជាតិអាហ្សង់ទី រូបនេះ លួចទៅចចារជាមួយក្លិបអារ៉ាប់ Al Hilal៕