ក្លិបបាល់ទាត់ Angkor Tiger FC នឹងមានកីឡដ្ឋានលើផ្ទាល់ខ្លួនក្នុងឆ្នាំនេះ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សមាជិកលីគកំពូលកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប នឹងមានកីឡដ្ឋានផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់ពីប្រធានក្លិបសញ្ជាតិជប៉ុន លោក Akihiro Kato ។
ជាការពិត ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ប្រាកដជាដឹងច្បាស់ហើយថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួននៅឡើយទេ ខណៈដែលបច្ចុប្បន្ន ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប មួយនេះ កំពុងជួលកីឡដ្ឋានហនុមាន(Hanuman Stadium) ធ្វើជាផ្ទះ សម្រាប់ការប្រកួតក្នុងពានរង្វាន់លីកកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់ផ្សេងៗ។
យោងតាមប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីម្សិលមិញនេះថា៖« យើងបានទិញដី ៥0,000 ម៉ែត្រការ៉េ សម្រាប់សាងសង់កីឡដ្ឋាន Angkor Tiger FC។ កីឡដ្ឋាននេះ នឹងសាងសង់នៅក្នុងគម្រោងអភិវឌ្ឍន៍ផ្ទះ ១២០០ ល្វែង និង វីឡាប្រណីត ដែលជិះត្រឹមតែ ១៥នាទីពីកណ្តាលក្រុងសៀមរាប»។
កន្លងមក ប្រធានក្លិបសញ្ជាតិជប៉ុនរូបនេះ ធ្លាប់បានបង្ហើបពីគម្រោងសាងសងកីឡដ្ឋានផ្ទាល់ខ្លួននេះ និងបង្ហាញពីប្លងមេទៀតផង។ បើតាមគម្រោង កីឡាដ្ឋាននេះ មានឈ្មោះថា Tiger Stadium គ្រោងសាងសង់ចំកណ្តាលផ្ទះ១២០០ ល្វែង ដែលនៅជុំវិញនោះមាន មន្ទីពេទ្យ សាលារៀន កន្លែងក្មេងលេង កន្លែងហាត់ប្រាណ និងផ្សារទំនើបផងដែរ៕