អ៊ុយក្រែន អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ជាការឆ្លើយតបនឹងរុស្ស៊ី ប្រកាសបទឈប់បាញ់រយៈពេល ៣ថ្ងៃ
អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន បាននឹងកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ទីក្រុងម៉ូស្គូ ដែលខ្លួនគ្រោងនឹងផ្អាកក្នុងរយៈពេលបីថ្ងៃក្នុងការប្រយុទ្ធគ្នានៅខែក្រោយ។
ការអំពាវនាវរបស់ប្រទេសអ៊ុយក្រែននេះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នក្នុងរយៈពេល ៣ថ្ងៃគឺ ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ ខាងមុនេះ ក្នុងគោលបំណងដើម្បីរំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
លោក Andrii Sybiha រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ុយក្រែនបានបង្ហោះនៅលើបណ្តាញសង្គម X ជាការឆ្លើយតបកាលពីថ្ងៃចន្ទថា «ប្រសិនបើប្រទេសរុស្ស៊ីពិតជាចង់បានសន្តិភាពពិតប្រាកដមែន ត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ចាប់ពីពេលនេះ» ។
លោកបានចោទជាសំនួរថា ហេតុអ្វីត្រូវរង់ចាំរហូតដល់ថ្ងៃទី ៨ ខែឧសភា? ប្រសិនបើភ្លើងសង្គ្រាមអាចឈប់នៅពេលនេះ បាន ឬកាលបរិច្ឆេទណាមួយសម្រាប់រយៈពេល ៣០ ថ្ងៃ ។ ដូច្នេះវាជាការពិត មិនមែនសម្រាប់តែក្បួនដង្ហែរ ដើម្បីរំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២នោះទេ។
លោកបន្ថែមថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់បទឈប់បាញ់ដែលមានរយៈពេលយូរអង្វែង និងពេញលេញ។ ហើយនេះគឺជាអ្វីដែលយើងកំពុងស្នើសុំឥតឈប់ឈរ យ៉ាងហោចណាស់ ឱ្យមានបទឈប់បាញក្នុងរយៈពេល៣០ ថ្ងៃ៕