តោះ ! មកស្គាល់អ្នកចាំទី ៦រូប ដែលរក្សា Clean Sheet ច្រើនជាងគេលើលីគកំពូលទាំង៥ នៅអឺរ៉ុប ក្នុងរដូវកាលនេះ
បរទេស : ក្នុងការប្រកួតបាល់ទាត់សម័យទំនើប ក្រៅពីលើការស៊ុត បញ្ចូលទី ការការពារក្រុមប្រឆាំងមិនឱ្យដៃគូស៊ុត បញ្ចូលទី វាជាកត្តាសំខាន់មួយទៀតដែលនឹងផ្តល់ឱកាសឱ្យក្រុមរបស់អ្នកឈ្នះ ឬយ៉ាងហោចណាស់ក៏មិនឲ្យចាញ់។
ខាងក្រោមនេះគឺជាអ្នកចាំទីទាំង៦រូប ដែលរក្សា Clean Sheet ច្រើនជាងគេ នៅលីគធំៗទាំង ៥ នៃទ្វីបអឺរ៉ុបនៅរដូវកាលនេះ។
១- Marc Ander Ter-Stegen របស់ Barcelona
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ វ័យ ៣០ ឆ្នាំរូបនេះ មានភាពស្វិតស្វាញខ្លាំងក្នុងរដូវកាលនេះ ជាពិសេសនៅក្នុងសមរភូមិ La Liga ដែលរបូតគ្រាប់បាល់ត្រឹមតែ ៨ គ្រាប់ប៉ុណ្ណោះ។ Stegen បានរក្សា Clean Sheet ចំនួន ២១ លើក ក្នុងចំណោមការប្រកួតចំនួន ៣៦។
២- David De Gea របស់ Manchester United
ពិតណាស់ ទោះបីជាការចាប់ផ្តើមរដូវកាលធ្វើមិនបានល្អក៏ពិតមែន ប៉ុន្តែយើងមិនអាចប្រកែកបានទេថា De Gea គឺជាកីឡាករសំខាន់ម្នាក់ ដែលបានជួយឱ្យ “បិសាចក្រហម” ឡើងមកឈរលេខ៣ ក្នុងលីគកំពូលអង់គ្លេសនៅរដូវកាលនេះ ជាពិសេស បានរក្សា Clean Sheet ចំនួន ១១ ដង ក្នុងលីគ និងរក្សាបាន Clean Sheet សរុបចំនួន ១៧ ដង ក្នុងចំណោម ៤០ ប្រកួត។
៣- Ivan Provedel របស់ Lazio
ភាពប៉ិនប្រសប់គឺមិនធម្មតាទេ សម្រាប់អ្នកចាំទីអ៊ីតាលី វ័យ ២៨ ឆ្នាំ ដោយរូបគេ រក្សា Clean Sheet ក្នុង ៥០% នៃការប្រកួតទាំងអស់ ពោលគឺ Clean Sheet ១៦ ដង ក្នុងចំណោមការប្រកួតចំនួន ៣២ប្រកួត ជាពិសេសនៅ Serie A ដែលធ្វើបាន ១៥ ដង ដែលជាចំនួនច្រើនបំផុតក្នុងលីគ។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែល Lazio គឺជាគ្រាប់បាល់ស៊ុត បញ្ចូលទីតិចបំផុតទីពីរ ក្នុងលីគបន្ទាប់ពី Napoli ។
៤- Alex Romero របស់ Real Sociedad
អ្នកចាំទីសញ្ជាតិអេស្ប៉ាញ វ័យ ២៧ ឆ្នាំគឺជាកីឡាករម្នាក់ទៀត ដែលមិនត្រូវមើលរំលងក្នុងរដូវកាលនេះ។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែល Sociedad គឺជាក្រុមដែលរបូតគ្រាប់បាល់តិចបំផុតទី ៤ នៅ La Liga។ Romero ធ្វើបាន Clean Sheet ១៦ដង ក្នុងចំណោម ៣៦ប្រកួត។
៥- Nick Pope របស់ Newcastle United
ទោះបីចាញ់ច្រើនគ្រាប់ និងចាញ់ស្ទើរតែគ្រប់ការប្រកួតកាលពីដើមរដូវកាលក៏ដោយ ប៉ុន្តែពេលនេះ អ្នកចាំទីជម្រើសជាតិអង់គ្លេស វ័យ ៣០ ឆ្នាំរូបនេះ នៅតែកាន់កាប់តំណែងលេខមួយ ជាមួយ Aaron Ramsdale របស់ Arsenal ដែលជាអ្នកចាំទីរក្សា Clean Sheet ច្រើនជាងគេ ក្នុងការប្រកួត Premier League ចំនួន ១២ ប្រកួត។ Pope រក្សាបាន Clean Sheet ១៥ ក្នុងចំណោម ៣០ ប្រកួត។
៦- Alex Meret របស់ Napoli
អ្នកចាំទីជម្រើសជាតិអ៊ីតាលី វ័យ ២៥ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ ទាំងក្នុងលីគ និងនៅលើឆាកអឺរ៉ុប ជាពិសេសក្នុងសមរភូមិ Serie A ដែលជាកន្លែងគាត់បានជួយ Napoli ឲ្យឈរនៅកំពូលតារាង ហើយរបូតតែ១៦ គ្រាប់ប៉ុណ្ណោះ ដែលជាក្រុមរបូតគ្រាប់បាល់តិចជាងគេក្នុងលីគ។ Meret រក្សាបាន Clean Sheet ១៥ ក្នុងចំណោម ៣៣ប្រកួត៕