រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ជួបប្រជុំគ្នានៅទីក្រុងសេប៊ូ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨
ទីក្រុង Lapu-Lapu នៃខេត្តសេប៊ូ ប្រទេសហ្វីលីពីន បានឈានចូលបរិយាកាសកិច្ចប្រជុំកំពូលកាន់តែខ្លាំង នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ខណៈរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់អាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំពេញមួយថ្ងៃ ដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។
ក្រសួងការបរទេសហ្វីលីពីន (DFA) បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាបន្តបន្ទាប់ រួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM), កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន (APSC) លើកទី៣១, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៨ និងកិច្ចប្រជុំរួមរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។
លោក Dominic Xavier Imperial ជំនួយការលេខាធិការកិច្ចការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ បានមានប្រសាសន៍ថា កិច្ចប្រជុំទាំងនេះនឹងជួយរៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូល និងផ្តោតលើអាទិភាពបន្ទាន់ក្នុងតំបន់ ព្រមទាំងរបៀបវារៈកសាងសហគមន៍រយៈពេលវែងរបស់អាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍សរុប ១១ កំពុងចូលរួមកិច្ចពិភាក្សានៅទីក្រុងសេប៊ូ។ ប្រទេសហ្វីលីពីន ក៏កំពុងជំរុញឱ្យមានការអនុម័តលើឯកសារលទ្ធផលចំនួន៣ ក្រោមសសរស្តម្ភសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន ដើម្បីដាក់ជូនមេដឹកនាំអាស៊ានពិចារណា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ។
![]()
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានកំណត់ “សន្តិសុខស្បៀង” និង “ស្ថិរភាពថាមពល” ជាអាទិភាពសំខាន់សម្រាប់កិច្ចប្រជុំកំពូលឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាតម្រង់ទិសអនាគត»។
មេដឹកនាំ និងរដ្ឋមន្ត្រីអាស៊ាន ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការត្រៀមខ្លួនក្នុងតំបន់ ការធានាការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព និងការធ្វើពិពិធកម្មប្រភពថាមពល ចំពេលមានការរំខានដល់ការផ្គត់ផ្គង់សកល ដែលពាក់ព័ន្ធនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។
កិច្ចប្រជុំក៏ត្រូវបានរំពឹងថានឹងលើកយកបញ្ហាសន្តិសុខស្បៀង ភាពធន់នៃសេដ្ឋកិច្ច កង្វល់ផ្នែកមនុស្សធម៌ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ដោយឡែក ប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនលោក U Hau Khan Sum រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស មកតំណាងប្រទេសនៅទីក្រុងសេប៊ូ ចំពេលអាស៊ានបន្តការរឹតត្បិតមិនអនុញ្ញាតឱ្យថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ាន។

លោក Marcos បានអញ្ជើញមកដល់ទីក្រុងសេប៊ូ កាលពីល្ងាចថ្ងៃពុធ តាមរយៈអាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu មុនការចាប់ផ្តើមសកម្មភាពផ្លូវការនៃកិច្ចប្រជុំកំពូល។
លោកបានមានប្រសាសន៍ថា មេដឹកនាំអាស៊ាននឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ខណៈប្លុកនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល។ លោកក៏បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការការពារពលរដ្ឋអាស៊ាន ដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស ដោយបញ្ជាក់ថា ការរួមចំណែករបស់ពួកគេនៅតែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចក្នុងតំបន់។
លោក Marcos ក៏បានស្វាគមន៍ការរំពឹងទុកចំពោះសមាជិកភាពពេញលេញរបស់ទីម័រខាងកើតក្នុងអាស៊ាន ដោយចាត់ទុកវាជាការឆ្លុះបញ្ចាំងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងភាពពាក់ព័ន្ធរបស់អាស៊ាននៅលើឆាកអន្តរជាតិ។
ក្នុងពេលជាមួយគ្នានេះ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ នៃប្រទេសប្រ៊ុយណេ ក៏បានយាងមកដល់ទីក្រុងសេប៊ូ កាលពីល្ងាចថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះផងដែរ៕