Gavi អាចនឹងដើរចេញពី Barcelona ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ
(បាល់ទាត់)៖ ខ្សែបម្រើឆ្នើមវ័យក្មេង Gavi របស់ក្លិបអ្នកមាបុណ្យ FC Barcelona អាចនឹងដើរចេញពីក្លិបនៅកាឡាឡាន់មួយនេះ ដោយគ្មានតម្លៃខ្លួន ទោះបីជាក្លិបចង់បន្តរក្សាទុករូបគេរហូតដល់ឆ្នាំ២០២៦ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត ESPN ។
ថ្វីត្បិតមានអាយុត្រឹមតែ ១៨ ឆ្នាំ តែ Gavi ជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ Barca នៅតំបន់បម្រើ។ Gavi គឺជាកីឡាករវ័យក្មេងដែលមានទេពកោសល្យបំផុតក្នុងពិភពលោក ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឈ្នះពាន Golden Boy ប្រចាំឆ្នាំ២០២២ ។
ដោយមើលឃើញពីទេពកោសល្យ Barcelona មានបំណងចង់ចងជើង Gavi ហើយពួកគេពិតជាបានធ្វើវាមែន ដោយពួកគេចុះកិច្ចសន្យារយៈពេលវែង ហើយកុងត្រាថ្មីនេះ គឺធ្វើឲ្យ Gavi ស្នាក់នៅក្លិបរហូតដល់ឆ្នាំ ២០២៦។ ដំបូងឡើយ La Liga មិនបានជម្រះកិច្ចព្រមព្រៀងនេះទេ ដោយតុលាការបានបញ្ជាឱ្យ La Liga ទទួលយកការចុះឈ្មោះរបស់ Gavi នៅក្នុងខែមករា។ ប៉ុន្តែក្រោយមកពួកគេបានបដិសេធការសម្រេចចិត្តចុះហត្តលេខាលើ។ មែនទែនទៅ បញ្ហាហិរញ្ញវត្ថុធ្វើឲ្យក្លិបអ្នកមានបុណ្យឈឺក្បាលរួចទៅហើយ ពេលនេះកំពុងបន្ថែមបន្ទុកបន្តទៀត។
La Liga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «LaLiga បានទទួលការជូនដំណឹងពីតុលាការពាណិជ្ជកម្មទី១០ នៅទីក្រុងបាសេឡូណា ដោយបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលបានធ្វើកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ ទាក់ទងនឹងការចុះឈ្មោះរបស់ Gavi ត្រូវបានលុបចោល ដោយសារតែ Barcelona មិនគោរពតាមកាលបរិច្ឆេទកំណត់ និងបញ្ហាហិរញ្ញវត្ថុ។
ភ្លាមនោះ Barça បានចេញមុខច្រានចោលការចោទប្រកាន់របស់ LaLiga ហើយប្រកាន់ជំហរថា ពួកគេបានបញ្ជូនឯកសារត្រឹមត្រូវទាន់ពេលវេលា ខណៈដែលពួកគេក៏និយាយផងដែរថា កិច្ចព្រមព្រៀងនេះ មិនអាចលុបចោលបានទេ រហូតដល់សាលក្រមចុងក្រោយត្រូវបានសម្រេច។
ដូច្នេះ ដំណឹងល្អសម្រាប់ Barcelona នៅពេលនេះ គឺថា Gavi នឹងនៅតែអាចលេងឱ្យក្លឹប សម្រាប់រដូវកាលដែលនៅសល់ ហើយដំណឹងអាក្រក់គឺថា Gavi អាចដើរចេញពីក្លិបយក្សមួយនេះ ក្នុងខែមិថុនា ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានលុបចោលម្តងទៀត៕