កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាបានជួយជំរុញឱ្យកម្ពុជាក្លាយជាប្រទេសធំជាងគេទាំង ១០ លើពិភពលោកផ្នែកឧស្សាហកម្មកង់ និងវាយនភណ្ឌ
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជួយជំរុញឱ្យកម្ពុជាក្លាយជាប្រទេសធំជាងគេទាំង ១០ លើពិភពលោក ក្នុងការផលិតផ្នែកសម្លៀកបំពាក់ និងផ្នែកវាយនភណ្ឌ ព្រមទាំងជាប្រទេសនាំចេញកង់ច្រើនជាងគេបំផុត នៅក្នុងអាស៊ាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាអន្តរក្រសួងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) រួមជាមួយ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកសេវាពាណិជ្ជកម្មនារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានធ្វើបទបង្ហាញពីអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធីនៃការនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទបង្ហាញស្តីពី ដំណើវិវឌ្ឍន៍នៃគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដោយបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងសេដ្ឋកិច្ចតំបន់ តាមរយៈការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO), អាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន (អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, អាស៊ាន-ចិន, អាស៊ាន-អូស្រ្តាលី-ណូវែលហ្សេឡង់, អាស៊ាន-ឥណ្ឌា, អាស៊ាន-ហុងកុង), និងកិច្ចព្រមព្រៀងអាសិប, កម្ពុជាក៏បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រួមមាន កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបាននឹងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា តាមការសិក្សារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA កិច្ចព្រមព្រៀងអាសិប កម្ពុជាអាចនឹងមាន កំណើនប្រចាំឆ្នាំការនាំចេញ ក្នុងរង្វង់ប្រមាណពី ៩.៤% ទៅ ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើនសេដ្ឋកិច្ចជាតិបន្ថែម ប្រចាំឆ្នាំ ប្រមាណពី ២% ទៅ ៣.៨%, កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ ៣.២% ទៅ ៦.២% និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា វិស័យឯកជនជាដៃគូដ៏សំខាន់ ក្នុងការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ផ្តល់ធាតុចូលនានា មុនពេលចាំផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាអ្នកទទួលអនុវត្តបន្តដើម្បីទាញយកផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងទាំងនោះ។
សូមបញ្ជាក់ផងដែរថា រយៈពេល ២ ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ ថយចុះ ២១.៨%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ។
យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេល២ខែដើមឆ្នាំនេះ គឺខែមករា ដល់ខែកុម្ភៈ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង ៣.២ពាន់លានដុល្លារ ថយចុះ ៨.៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារ ថយចុះ ៣០.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕