រដ្ឋមន្ត្រីកសិកម្មអៀរឡង់ផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ នៅកម្ពុជា

បាត់ដំបង៖ លោក Noel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងក្នុងពិធីបើកដំណើការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនៅឃុំ ខេត្តបាត់ដំបងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ។
កម្មវិធីនេះនឹងជួយ ដល់សហគមន៍ជនបទនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។ ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។
លោក Grealish ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធទិវា St. Patrick’s Day បានប្រកាសអំពីការផ្តល់មូលនិធិដោយរដ្ឋាភិបាលប្រទេសអៀរឡង់នូវគម្រោង ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។
ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងក៏បានផ្តល់ការ បណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។ តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួម ចំណែកថវិកាចំនួន ៨៤,០០០ អឺរ៉ូ ដល់ការសាងសង់ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់ គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។
គ្រួសារជាង ២២០ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ ហិកតា។ ពិធីបើកដំណើរការស្ថានីយនេះ រួមមានការបង្ហាញពីស្ថានីយបូមទឹកដែលបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ និងការចែករំលែកបទពិសោធន៍ពីកសិករ ។
ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរការលោក Grealish រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រនៃប្រទេសអៀរឡង់ បានមានប្រសាសន៍ថា “វិស័យកសិ-ម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥,០០០ ដែលផលិតអាហារដែលមានគុណភាពខ្ពស់។ ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និងដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗដូចជានិរន្តរភាពបរិស្ថាន។ ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយជាចំណុចស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ ។
គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អនៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជា ការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។ បទពិសោធន៍ រួមគ្នារបស់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ កិច្ចសហប្រតិបត្តិការ។ ជាផ្នែកមួយនៃការចូលរួម កាន់តែខ្លាំងឡើងរបស់ប្រទេសអៀរឡង់នៅក្នុងប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយដែល បានបង្កើនមូលនិធិសម្រាប់កម្មវិធីដូចជាកម្មវិធីដែលយើងបានបើក ដំណើរការថ្ងៃនេះ និងស្វែងរកឱកាសថ្មីៗ ដើម្បីធ្វើការរួមគ្នាក្នុងការអភិវឌ្ឍតំបន់ជនបទ ប្រកបដោយចីរភាព និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ទាក់ទិននឹងបញ្ហានេះ លោក ផេង សិទ្ធី អភិបាលខេត្តបាត់ដំបង ដែលបានចូលរួមធ្វើជាគណៈអធិបតីដ៏ ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះ បានថ្លែងអំណរគុណចំពោះប្រទេសអៀរឡង់សម្រាប់ការគាំទ្រគម្រោងនេះ។ ឯកឧត្តមមានប្រសាសន៍ថា “ខេត្តបាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ជង្រុកស្រូវរបស់ប្រទេសកម្ពុជា ហើយការទទួលបាននូវប្រព័ន្ធធារាសាស្ត្រដែលអាចទុកចិត្តបាន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិកររបស់យើង។
លោកបន្តថា គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺ ព្រះអាទិត្យនេះមិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជាដៃគូរវាងប្រទេសអៀរឡង់ អង្គការអុកស្វាម អង្គការដៃគូ និងសហគមន៍មូលដ្ឋានរបស់យើង ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើម នេះក្លាយជាការពិត។”