មិនធម្មតា! កូនប្រុសរបស់ Messi ស៊ុតបញ្ជូលទី ១១គ្រាប់ ម្នាក់ឯង ក្នុងមួយប្រកួត
Thiago ដែលជាកូនប្រុសច្បង អាយុ ១២ឆ្នាំរបស់តារាឆ្នើម Lionel Messi បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរូបគេបានស៊ុតបញ្ចូលទី ១១គ្រាប់ ក្នុងការប្រកួត សម្រាប់ក្រុមយុវជនរបស់ Inter Miami កាលពីថ្ងៃទី ០៥ ខែកុម្ភៈ។
Thiago បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតរវាង Inter Miami និង Atlanta United ក្នុងការប្រកួត MLS U13។ កូនប្រុសរបស់ Messi ពាក់អាវលេខ ១០ដូចឪពុក ហើយក៏លេងជាខ្សែប្រយុទ្ធ ផងដែរ។
Thiago បើកការស៊ុតបញ្ចូលទីនៅនាទីទី ១២ ហើយបន្ទាប់មកស៊ុតបាន ៤គ្រាប់ជាប់ៗគ្នាក្នុងតង់ទីមួយ។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបន្ថែមការស៊ុតបញ្ចូលទីបាន៦គ្រាប់ទៀត ខណៈមិត្តរួមក្រុម Diego Luna Jr ក៏រកបានមួយគ្រាប់ផងដែរ។
យើងមិនដឹងថា តើ Thiago អាចលេងដូច Lionel Messi បានទេ ព្រោះវាពិបាកខ្លាំងណាស់។ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា Thiago កំពុងដើរតាមគន្លងឪពុកដ៏អស្ចារ្យរបស់គាត់ និងបង្ហាញពីមហិច្ឆតាដូចគ្នា។ កាសែតអេស្ប៉ាញ Mundo Deportivo បានអត្ថាធិប្បាយលើការសម្តែងដ៏ផ្ទុះរបស់ Thiago ថា ទោះបីជានៅមានផ្លូវវែងឆ្ងាយក្នុងក្រុមយុវជនក៏ដោយ ការអភិវឌ្ឍន៍របស់ Thiago នៅ Inter Miami Academy បង្កើតការរំពឹងទុកជាច្រើន សម្រាប់អ្នកគាំទ្រ Inter Miami ក៏ដូចជា Messi។
បន្ទាប់ពី Lionel Messi បានចុះហត្ថលេខាជាមួយ Inter Miami Thiago បានចូលរួមជាមួយក្រុម U12 របស់ក្លឹប។ Thiago គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ១៥០នាក់ ដែលត្រូវលេងឱ្យក្រុមយុវជន Inter Miami ចាប់ពីរដូវកាល 2023-24 និងជាកីឡាករថ្មីម្នាក់ ក្នុងចំណោមកីឡាករ ៣៥នាក់ ដែលចូលរួមក្នុងសាលារបស់ក្លឹប។
គួរឲ្យដឹងថា កាលពីខែមេសា ឆ្នាំ ២០២៤ Thiago និង Benjamin Suarez ដែលជាកូនប្រុសរបស់ខ្សែប្រយុទ្ធ Luis Suarez និងក្រុម Inter Miami U13 បានឈ្នះពានរង្វាន់ Easter International Cup ដែលរៀបចំដោយ Rayados ។ ការប្រកួតយុវជននេះ ត្រូវបានរៀបចំឡើងដោយក្លឹបម៉ិកស៊ិក Monterrey កាលពីចុងសប្តាហ៍នៅទីក្រុង Kissimmee រដ្ឋ Florida ដោយមានក្រុមជាង ៣០០ក្រុម៕