កម្ពុជា បញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចបញ្ជូនអត្តពលិកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី ក្នុងឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសចិន ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុននេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រនៃកីឡាកម្ពុជា ដែលមានអត្តពលិកចូលរួមការប្រកួតកីឡារដូវរងាអាស៊ី។ សម្រាប់ប្រភេទកីឡាដែលកម្ពុជានឹងបញ្ជូនទៅចូលរួមនោះ គឺកីឡារំឣិលលើទឹកកក ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ៩រូប។
ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖ «នេះជាលើកទី១ ហើយសម្រាប់កម្ពុជា ក្នុងនាមប្រទេសតំបន់ត្រូពិច ប្រទេសក្ដៅ ហើយមានក្រុមកីឡាដែលបានចូលរួមកីឡារដូវរងាកម្រិតអាស៊ី នៅទីក្រុង Harbin ប្រទេសចិន។ នេះជាមោទកភាពមួយដែលកម្ពុជាយើង ជាកំណត់ត្រាលើកទី១ក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមការប្រកួតកីឡាអាស៊ីរដូវរងា។ នេះជាគោលនយោបាយ និងចក្ខុវិស័យរបស់អូឡាំពិកអន្តរជាតិ ដែលឱ្យប្រទេសក្ដៅ និងមិនមានខែត្រជាក់ មិនមានទឹកកក ជំរុញឱ្យមានការប្រកួតកីឡារដូវរងានេះទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន តែធ្វើម៉េចកុំឱ្យអត់ចូលរួមប្រកួត ត្រូវតែមានការចូលរួមប្រកួត»។
ឯកឧត្ដម អគ្គលេខាធិការ បានបន្ថែមថា៖« ការជំរុញនេះសម្រេចបានជោគជ័យក្នុងឆ្នាំ២០២៥ ដោយយើងទទួលបានអាហារូបករណ៍ហ្វឹកហាត់នៅកូរ៉េខាចងត្បូង តាមរយៈកម្មវិធី Dream Program ដែលក្រុងព្យុងឆាងរបស់កូរ៉េខាងត្បូង បានជួយបង្ហាត់ បង្វឹកកីឡាករ កីឡាការិនីយើងឱ្យបានចូលរួមការប្រកួតនេះ។ ដូច្នេះសូមការគាំទ្រ និងសូមការផ្ដល់កម្លាំងចិត្តដល់ពួកគាត់ក្នុងការប្រកួតនេះ ដែលជាប្រវត្តិសាស្ត្រសម្រាប់យើង។ ចាប់ពីឆ្នាំ២០២៥តទៅ កម្ពុជានឹងចាប់ផ្ដើមចូលរួមការប្រកួតកីឡារដូវរងាហើយ»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៨៦ នៅក្រុង Sapporo ប្រទេសជប៉ុន ដោយប្រព្រឹត្តទៅរៀងរាល់៤ឆ្នាំម្ដង។ សម្រាប់ឆ្នាំ២០២៥ នេះ គឺជាលើកទី៩ហើយ និងមានការចូលរួមអត្តពលិកមកពី ៣៤ប្រទេស ប្រកួតប្រជែងលើ ១១ប្រភេទកីឡា ចែកចេញជា ៦៤វិញ្ញាសា៕