ក្រសួងពាណិជ្ជកម្ម និងធនាគារអេស៊ីលីដា ចាប់ដៃគ្នាទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com)។
ពិធីចុះហត្ថលេខានេះក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការ ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ភីអិលស៊ី តំណាងវិស័យឯកជន សមាគម និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនរូប។
ការចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី នាពេលនេះ គឺបានបង្ហាញពីដំណើរឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យបង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផលដែលផលិតនៅកម្ពុជាទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក ឬក៏ដៃគូអាជីវកម្មផ្សេងៗ ជាពិសេសអាជីវករផ្សារខេមបូឌាត្រេដ ក្នុងការទទួលការទូទាត់យ៉ាងងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពតាមរយៈ ប្រព័ន្ធឌីជីថលដោយមិនប្រើប្រាស់សាច់ប្រាក់។
លើសពីនេះ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល និងចែករំលែកចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដផងដែរ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្មបានឱ្យដាក់ដំណើរការផ្សារអេឡិចត្រូនិក ខេមបូឌាត្រេដ ជាផ្លូវការ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដាក់លក់ផលិតផលដោយឥតគិតថ្លៃ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សហគ្រាសធុនតូច និងមធ្យមចំនួន ១៧០ បានដាក់លក់ផលិតផលនៅលើផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ ដែលមានផលិតផលសរុបចំនួន ១៧០០ ផងដែរ៕