ក្រសួងពាណិជ្ជកម្ម រៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើនៅសៀមរាប ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន

ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកជាផ្លូវការ នូវពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយក៏ជាផ្នែកមួយចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។
លោក អុឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប មានមានផលិតផលសំខាន់ៗជាច្រើនដូចជា ស្រូវ ដំឡូងមី ផលិតផលកែច្នៃមានប្រហុក សាច់ក្រកជាដើម។ ក្រៅពីផលិតផលកសិឧស្សាហកម្ម ខេត្តសៀមរាប ក៏មានដំណាំរួមផ្សំដូចជា បន្លែ និងផ្លែឈើ ហើយបច្ចុប្បន្ន ក្នុងចំណោមផលិតផលទាំងនោះ មានផលិតផលមួយចំនួន ត្រូវបានផលិតប្រកបដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ដោយឡែកបន្លែ និងផ្លែឈើសុវត្ថិភាព បរិមាណផ្គត់ផ្គង់សម្រាប់ទីផ្សារនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ តាមរយៈពិព័រណ៍នេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នកផលិត និងអ្នកប្រើប្រាស់ទាំងសងខាង។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ គឺមានសារៈសំខាន់ ដោយបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។
លោកបន្ថែមថា ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានី ភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែលមានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោកជឿជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់ អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការផងដែរ។ ក្រសួងពាណិជ្ជកម្ម ក៏សូមលើកទឹកចិត្ត បងប្អូនអាជីវករ ដែលបានចូលរួមក្នុងពិព័រណ៍នា ពេលនេះ សូមចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពី ថ្នាល Cambodiatrade.com ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេរបស់កម្ពុជា គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនឹងជំរុញការបញ្ជាទិញ និង ផ្គត់ផ្គង់ទំនិញកម្ពុជាតាមប្រព័ន្ធអនឡាញ អមជាមួយការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារជាដៃគូ និងមានការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។
លោក បានបន្តថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹង ប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕