Ronaldo ថានឹងធ្វើអោយកក្រើកបណ្តាញអិនធើណេត
កីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក Cristiano Ronaldo បានប្រកាសថា ខ្លួននឹងអញ្ជើញភ្ញៀវដ៏ល្បីម្នាក់ មកនិយាយនៅលើ Youtube Channel របស់គាត់ ដែលនឹងធ្វើអោយកក្រើកបណ្តាញអិនធើណេត។
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា Ronaldo បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Youtube របស់គាត់ UR Cristiano ដែលមានចំណងជើងថា “ភ្ញៀវថ្មីរបស់ខ្ញុំគឺ … ” ។ វីដេអូនេះត្រូវបានបង្ហាញជាពណ៌ខ្មៅ និងសក្នុងទម្រង់ខ្សែភាពយន្ត ដោយខ្លឹមសារជាការសន្ទនារវាង Ronaldo និង Rio Ferdinand បង្ហាញដោយអក្សររត់ពីក្រោម។
Ferdinand បានសួរថាតើអ្នកដែលមកនោះជានរណា ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លឹប Al Nassr បានបដិសេធមិនឆ្លើយ។ Ronaldo គ្រាន់តែបង្ហើបថា ជាអ្នកដែលល្បីជាងខ្លួនទៅទៀត។
បន្ទាប់មក Ferdinand បានទាយថា ភ្ញៀវគឺជាអតីតមិត្តរួមក្រុមរបស់គាត់ Ryan Giggs ប៉ុន្តែ Ronaldo បានបដិសេធ។ អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស បានសួរថា តើគាត់ជាអត្តពលិក ឬជាតារាចម្រៀង ប៉ុន្តែ CR7 បានត្រឹមតែឆ្លើយតបដោយសម្ងាត់ថា “យើងនឹងផ្ទុះអ៊ីនធឺណិត”។
អ្នកគាំទ្រជាច្រើនបានប៉ាន់ស្មានថា ភ្ញៀវអាចជា Lionel Messi, កំពូលកីឡាករបាល់បោះ LeBron James ឬអតីតគ្រូបង្វឹករបស់ Ronaldo គឺ Alex Ferguson។ អ្នកខ្លះបាននិយាយថា វាគឺជាលោក Mr Beast ដែលជាបុគ្គលល្បីជាងគេលើ Youtube ដែលមានអ្នក Subcribe ៣៣១លាននាក់ នៅលើ YouTube។
Ronaldo បានបើកដំណើរការ Youtube Channel របស់គាត់ កាលពីខែសីហា ដោយទទួលបានអ្នកជាវច្រើនជាង 10លាននាក់ ក្នុងរយៈពេលតិចជាងកន្លះថ្ងៃ ដោយបានបង្កើតកំណត់ត្រាទទួលបានប៊ូតុងពេជ្រ ដោយប្រើពេលវេលាលឿនបំផុត។ Ronaldo បានបំបែកកំណត់ត្រារបស់សិល្បៈករដ៏មានឥទ្ធិពលមួយចំនួនដែលមានអ្នកចុច Following ច្រើនជាង៥០លាននាក់នៅលើបណ្តាញទំនាក់ទំនង Youtube មានដូចជាអ្នកចម្រៀងPop Taylor Swift និងតារាងចម្រៀងអង់គ្លេស Ed Sheeran តារាសម្តែងនាង Ariana Grande ជាដើម។បច្ចុប្បន្ន CR7 ដែលនឹងឈានចូលវ័យ ៤០ឆ្នាំនៅខែកុម្ភៈ ២០២៥ មានអ្នកចុច Subscribe ប្រមាណ ៦៧លាននាក់ហើយ គិតត្រឹមថ្ងៃទី១៨ វិច្ឆិកា ២០២៤នេះ។
កាលពីខែកញ្ញា Ronaldo បានក្លាយជាមនុស្សដំបូងគេ ដែលមានអ្នក Follow ជាងមួយពាន់លាននាក់ ក្នុងបណ្ដាញសង្គម រួមទាំង Instagram, X និង Facebook៕