Close

ព្រំ សំណាង ៖ គោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេម ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣ កីឡា
ព្រំ សំណាង ៖ គោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេម ២០២៣ ព្រំ សំណាង ៖ គោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាសជូនជាតិសម្រាប់ស៊ីហ្គេម ២០២៣

ភ្នំពេញ ៖ អ្នកប្រយុទ្ធគុនខ្មែរ និងជាកីឡាករជម្រើសជាតិគុនខ្មែរកម្ពុជា ព្រំ សំណាង ជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ខ្លួននឹងយកមេដាយជូនជាតិ គ្រាន់តែមិនច្បាស់១០០% ថា នឹងបានមេដាយកម្រិតណានោះទេ ប៉ុន្តែតាំងចិត្តយកមេដាយមាសឲ្យបាន។

ជើងខ្លាំងរបស់កម្ពុជា ដែលមកពីក្លិបកងពលតូចឆត្រយោងពិសេស៩១១ នឹងចូលរួមការប្រកួតលើវិញ្ញាសាគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

ថ្មីៗនេះ ព្រំ សំណាង ក៏បានចេញទៅប្រកួតក្នុងកម្មវិធី Thai Fight បានចំនួនពីរលើកផងដែរ ដោយក្នុងនោះ គេទទួលបានជ័យជម្នះទាំងពីរលើក ហើយថែមទាំងផ្ដួលដៃគូឲ្យសន្លប់នៅត្រឹមទឹកទី១ ដូចគ្នាទៀតផង។

យោងតាមគេហទំព័រ CAMBODIA 2023 កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ រូបនេះបាននិយាយថា «បើនិយាយរឿងត្រៀមខ្លួនស៊ីហ្គេម ខ្ញុំមិនដែលភ្លេចទេ។ ខ្ញុំប្រឹងប្រែងហ្វឹកហាត់មករហូត តាំងពីបញ្ចប់ស៊ីហ្គេម នៅវៀតណាមមក។ ចំពោះគោលដៅរបស់ខ្ញុំ គឺយកឲ្យបានមេដាយមាសជូនជាតិ សម្រាប់ស៊ីហ្គេមហ្នឹង។ ខ្ញុំដឹងថា ដឹងតែបានមេដាយ គ្រាន់តែមិនច្បាស់១០០% ថា នឹងបានមេដាយកម្រិតណា។ ប៉ុន្តែ បើគោលដៅ និងមហិច្ឆតារបស់ខ្ញុំ គឺមេដាយមាសហ្នឹងតែម្ដង»។

ជើងខ្លាំងរបស់កម្ពុជារូបនេះបានបន្ថែមទៀតថា « ស៊ីហ្គេមនៅវៀតណាម ជារឿងដែលខ្ញុំចងចាំមិនភ្លេច គឺការមើលស្រាលឧបករណ៍ហ្វឹកហាត់។ កាលហ្នឹង ខ្ញុំគិតថា ហាត់មិនបាច់ពាក់ឧបករណ៍ក៏បាន ឲ្យតែប្រឹងហាត់ទៅបានហើយ ។ មានអី ដល់ពេលឡើងទៅវ៉ៃពាក់ឧបករណ៍គេហ្នឹងទៅបានដឹងថា វាពិបាកវាយ។ ចំណែកលើកនេះវិញ ខ្ញុំប្ដេជ្ញាហើយថា នឹងធ្វើឲ្យបានល្អមិនឲ្យដូចមុនទេ»។

គួររម្លឹកថា ព្រឹត្តិកាណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ព្រំ សំណាង បានចូលរួមប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម ដោយកាលនោះ គេដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង៕

អត្ថបទទាក់ទង