ក្រុមហ៊ុនចិនចង់វិនិយោគលើវិស័យថាមពលសូឡានៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និង ក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុ ស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់ ការគាំទ្រ និងការលើកទឹកចិត្តដល់ក្រុមហ៊ុន។
ក្រុមហ៊ុនមានបំណងនេះ ធ្វើឡើងក្នងពេល លោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd ដឹកនាំគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន៦ និង សភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល, ឧស្សាហកម្ម, សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤។
ជាការឆ្លើយតបលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត។
បន្ថែមពីនេះ លោកអគ្គលេខាធិការ ក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនៅ កម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវការអគ្គិសនី ដែលបណ្ដាលមកពីការកើនឡើងនៃគម្រោងវិនិយោគ ក្នុងវិស័យ ឧស្សាហកម្ម។
លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូពិចារណាលើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
ជាមួយគ្នានោះ លោក អគ្គលេខាធិការបានមានប្រសាសន៍ថាថ្នាក់ដឹកនាំ រួមទាំងមន្ត្រីទាំងអស់របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាមានសេចក្តីសោនស្សរីករាយរង់ចាំផ្ដល់កិច្ចសម្រួលទាំងឡាយនៅគ្រប់ជំហាននៃការធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាជូនក្រុមហ៊ុន។
ជាមួយគ្នានោះដែរ លោកអគ្គលេខាធិការបានធ្វើការ កត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតកង់ ជាដើម។