មហាសេដ្ឋី Elon Musk ចូលរួមជាមួយលោក Donald Trump ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា លោក Elon Musk កាលពីថ្ងៃសៅរិ៍បានចូលរួមគាំទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump អតីតប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤ ។
នាឱកាសនោះ លោក Elon Musk បានហៅបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ថាជាបេក្ខជនតែមួយគត់ក្នុងការរក្សាលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX និង Tesla ព្រមទាំងបណ្តាញសង្គម X លោក Musk បានចូលរួមជាមួយ លោក Trump នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយនៅក្នុងរដ្ឋ Pennsylvania ជាកន្លែងដែលអតីតប្រធានាធិបតីរូបនេះបានរួចផុតពីការប៉ុនប៉ងធ្វើឃាតកាលពីខែកក្កដា។
ការបង្ហាញខ្លួនរបស់ លោក Elon Musk គឺជាលើកដំបូងបង្អស់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងតំណាងឱ្យសម្ព័ន្ធភាពដែលកំពុងកើនឡើងរវាងអ្នកទាំងពីរនៅក្នុងដំណាក់កាលចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតី ។
លោក Musk បានបង្កើតយីហោ Super PAC ដើម្បីគាំទ្រលោក Trump បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រសម្រាប់ការយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខែចុងក្រោយនេះ ។
លោក Trump បាននិយាយថា លោកនឹងយក លោក Musk ដើម្បីដឹកនាំគណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល ប្រសិនបើលោកទទួលបានសេតវិមានឡើងវិញ។
លោក Trump បានចូលរួមជាមួយលោក Musk កាលពីខែសីហា ក្នុងការសន្ទនាជាសាធារណៈដ៏កម្រមួយនៅលើបណ្តាញសង្គម X ដែលជាការជជែកជាលក្ខណៈមិត្តភាព មានរយៈពេលជាងពីរម៉ោង។
នៅក្នុងនោះ អតីតប្រធានាធិបតី Donald Trump បានផ្តោតជាសំខាន់លើការប៉ុនប៉ងធ្វើឃាតខែកក្កដា អន្តោប្រវេសន៍ខុសច្បាប់ និងផែនការរបស់លោក ក្នុងការកាត់បន្ថយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល៕