Close

កូនកាត់ខ្មែរ​ – អាមេរិក Nick Taylor ស៊ុត​បញ្ជូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យព្រះខ័នរាជស្វាយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
កូនកាត់ខ្មែរ​ – អាមេរិក Nick Taylor ស៊ុត​បញ្ជូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យព្រះខ័នរាជស្វាយ កូនកាត់ខ្មែរ​ – អាមេរិក Nick Taylor ស៊ុត​បញ្ជូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យព្រះខ័នរាជស្វាយ

កូនកាត់ខ្មែរ-អាមេរិក Nick Taylor បានស៊ុត​បញ្ជូលទីមួយគ្រាប់បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងក្នុងជំនួបដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ លុតក្រុមអង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ០ នៃពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

Nick Taylor ទើបតែបង្ហាញខ្លួនក្នុងប្រកួតផ្លូវការណ៍ជាលើកដំបូងប៉ុណ្ណោះ ជាមួយក្លិបបាល់ទាត់ដែលមានមូលដ្ឋានក្នុងខេត្តស្វាយរៀង បន្ទាប់ពីចាកចេញពីទឹកដីអាមេរិក មកប្រកបអាជីពក្នុងទឹកដីកំណើតជីតារបស់ខ្លួន។ មែនទែនទៅ កីឡាករកូនកាត់រូបនេះ ទើបតែមានឈ្មោះលេងក្នុងពានរង្វាន់ខាងលើនេះទេ បន្ទាប់ពីក្រុមហ៊ុន​លីគ បានសម្រេចឲ្យក្លិបបាល់ទាត់ទាំងអស់បញ្ជូលឈ្មោះកីឡាករ៥នាក់បន្ថែម ដោយសារកីឡាករសំខាន់ៗមួយចំនួនត្រូវជាប់ភារៈកិច្ចជាមួយក្រុមជម្រើសជាតិ ដោយត្រូវបោះជំរុំហ្វឹកហាត់ត្រៀមសីហ្គេម ឆ្នាំ​២០២៣។

ងាកមកការប្រកួតម្សិលមិញនេះ ព្រះខ័នរាជស្វាយ លុតក្រុមអង្គរថាយហ្គឺរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥ ទល់នឹង ០ បន្ទាប់ពីខកចិត្តក្នុងការប្រកួតទីមួយ ដោយចាញ់ក្រុមការពារដំណែងជើងឯក ភ្នំពេញក្រោន ១ ទល់នឹង ០។ ៥គ្រាប់របស់ស្វាយរៀង រកបានដោយខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិកាណាដា Marcus Habber ចំនួន ៣គ្រាប់, Nick Taylor ចំនួន ១គ្រាប់ និងកីឡាករជើងចាស់ ប្រាក់ មុន្នីឧត្តម ចំនួន១គ្រាប់។

ក្រោយចប់ការប្រកួត Nick Taylor បាននិយាយថា៖« វាពិតជាសំខាន់ណាស់ ដែលក្រុមរបស់យើងបានឈ្នះការប្រកួត League Cup ក្នុងប្រកួតទី២ ហើយវាក៏ជាពេលវេលាពិសេសមួយ ដែលខ្ញុំអាចរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំ សម្រាប់ស្វាយរៀង។ សូមអរគុណអ្នកគាំទ្រទាំងអស់ ដែលបានមកគាំទ្រពួកយើងក្នុងថ្ងៃនេះ»៕