រសៀលនេះ! ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះ ទទួលស្វាគមន៍ គិរីវង់សុខសែនជ័យ
(បាល់ទាត់)៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Josep Muñoz នឹងបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលស្វាគមន៍ក្រុមគិរីវង់សុខសែនជ័យ វេលាម៉ោង ៦៖០០នាទីល្ងាច ក្នុងការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League) សប្ដាហ៍ទី៣។
ពីរប្រកួតកន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះទាំងពីប្រកួត ដោយប្រកួតបើកឆាកបានលត់ក្រុមកងយោធពលខេមរភូមិន្ទ (Tiffy Army FC) យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០ បន្ទាប់មក បន្តយកឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-១ ខណៈ គិរីវង់សុខសែនជ័យ បរាជ័យទាំងពីរលើក ពោលគឺចាញ់ ២-០ និងបន្តចាញ់ បឹងកេត ២-១ ។
មុនប៉ះគ្នាក្នុងសប្ដាហ៍ទី៣នេះ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Josep Muñoz បានលើកឡើងថា៖«គីរីវង់បានផ្លាស់ប្តូរកីឡាករមួយចំនួន។ ពួកគេមានគុណភាព ហើយគេ ជាក្រុមខុសពីរដូវកាលមុន ពួកគេលេងបានល្អនៅពេលដែលពួកគេលេងនៅក្រៅទឹកដី។ ពួកគេបានចាញ់ពីរប្រកួតដំបូង ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមនៃរដូវកាលនេះតែប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖« សម្រាប់យើង គឺជាការប្រកួតទីបីក្នុងរយៈពេល១០ថ្ងៃ ហើយយើងចង់ រក្សាកម្រិតនៃការប្រកួតប្រជែងរបស់យើងបន្តទៀត។ ប្រសិនបើយើងបាន បង្ហាញហើយថាយើងអាចប្រកួតប្រជែង និងឈ្នះការប្រកួតអន្តរជាតិ យើងត្រូវតែបន្តធ្វើវានៅគ្រប់ការប្រកួតទាំងអស់ដែលយើងលេង។ នោះជាគោលដៅរបស់យើង។ ការត្រលប់ទៅខេត្តរបស់យើងជាមួយអ្នកគាំទ្ររបស់យើង ហើយលេងនៅក្នុងកីឡដ្ឋានរបស់យើង គឺតែងតែជាការលើកទឹកចិត្តដល់ពួកយើង»៕