មុនប៉ះគ្នាយប់នេះ គ្រូព្រះខ័នរាជស្វាយរៀង ថា 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 ជាក្រុមមួយដ៏ខ្លាំង និងមានកីឡាករដែលមានគុណភាព តែស្វាយរៀង ក៏មានកីឡាករល្អដូចគ្នា
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីចំណាប់អារម្មណ៍មួយចំនួនក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយ 𝗧𝗲𝗿𝗲𝗻𝗴𝗴𝗮𝗻𝘂 របស់ម៉ាឡេស៊ី នៅវេលាម៉ោង ៨៖០០នាទីយប់នេះ ក្នុងការប្រកួតពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន ឬ ASEAN Club Championship-Shopee Cup 2024/2025។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz បានគូសបញ្ជាក់ថា៖«យើងដឹងថាពួកគេជាក្រុមខ្លាំង។ ពួកគេមានក្រុមដ៏ល្អជាមួយនឹងកីឡាករ ដែលមានគុណភាព ហើយពួកគេតែងតែព្យាយាមលេងរក្សាបាល់ទាត់ ដែលល្អ ហើយវាជាអ្វីដែលខ្ញុំចូលចិត្ត។ យើងក៏មានកីឡាករល្អៗផងដែរ។ វាមិនមែនជាការប្រកួតរវាងម៉ាឡេស៊ីនិង កម្ពុជាដើម្បីប្រៀបធៀបកម្រិតនោះទេ វាជាការប្រកួតរវាងក្រុមល្អទាំង ពីរ។ យើងជាក្រុមជើងឯករបស់កម្ពុជា ហើយយើងកំពុងនាំមុខគេនៅក្នុង លីគក្នុងស្រុករបស់យើងនាពេលនេះ។ ខ្ញុំគិតថាយើងស្ថិតក្នុងពេលដ៏ល្អ ក្នុងការលេងការប្រកួតនេះ»។
លោក បានបន្តថា៖« មីហ្សូណូ មិនអាចចូលលេងក្នុងកម្មវិធីប្រកួតនេះក្នុងនាមជាកីឡាករកម្ពុជា បានទេ។ ជាការពិតណាស់ ការចាប់ឆ្នោតគឺបានបញ្ចប់ហើយ ហើយយើង ត្រូវលេងក្រៅទឹកដីទល់នឹងក្រុម Terengganu ប៉ុន្តែនេះក៏ជាការលើក ទឹកចិត្តសម្រាប់ពួកយើងក្នុងការធ្វើឱ្យមានការប្រកួតដ៏ល្អមួយ និងធ្វើឱ្យ អ្នកគាំទ្ររបស់យើងមានមោទកភាពចំពោះពួកយើង។ យើងនឹងអាចក្លាយជាក្រុមដ៏ល្អមួយ ក្រោយការប្រកួតនេះជាក់ជាមិនខាន»។
មិនតែប៉ុណ្ណោះ លោក 𝗣𝗲𝗽 𝗠𝘂ñ𝗼𝘇 មិនភ្លេចលើកសរសើរពីបាល់ទាត់កម្ពុជា ទៅខាងក្រៅ នេះទេ ដោយលោកបាន ប្រាប់អ្នកកាសែតម៉ាឡេស៊ីថា៖« ខេមបូឌានព្រីមៀរលីគ កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ការប្រកួតអន្តរជាតិគឺខុសគ្នា ដោយសារតែចង្វាក់លេង ខេមបូឌានព្រីមៀរលីគមានកម្រិតកាន់តែល្អជារៀងរាល់ឆ្នាំ ហើយកាន់តែប្រសើរឡើងទៅៗ ប៉ុន្តែយ៉ាងណាមិញប្រកួតនេះ នឹងមានកម្រិតខុសគ្នាបន្តិច ចង្វាក់លេងនឹងកាន់តែខុសប្លែក វាខ្ពស់ជាងមុន។ គូប្រកួត (Terengganu FC)ស្ថិតនៅកម្រិតមួយខ្ពស់ ខុសពីរាល់ដង អ៊ីចឹងយើងនឹងព្យាយាមដើម្បីឱ្យសក្ដិសមទៅនឹងពានរង្វាន់ដែលមានតម្រូវការបែបនេះ»។
គួរឱ្យដឹងផងដែរថា ក្នុងពានរង្វាន់ Shopee Cup នេះ ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A ជាមួយ BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Shan United FC របស់មីយ៉ាន់ម៉ា៕