ខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ម៉ូតូធំនៅផាប់ស្ទ្រីត ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍
សៀមរាប៖ ក្លឹបម៉ូតូ Friendly Bikers Cambodia និងElite Event និង សមាគមទេសចរណ៍កម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំព្រឹត្តិការណ៍ (Big Bike meeting Elite Night) ដែលមានម៉ូតូធំប្រមាណជា ១៥០គ្រឿង មកជួបជុំគ្នានៅផាប់ស្ទ្រីត ក្រុងសៀមរាប ដើម្បីចូលរួមជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ ។
ព្រឹត្តិការណ៍នេះទទួលបានការរគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក ក្នុងការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញនិងបង្កើនគោលដៅទាក់ទាញទេសចរណ៍ទូទាំងប្រទេសក៏ដូចជាខេត្តសៀមរាប ស្របតាមផែនការមេ (អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥) ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជម្រុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបដូចជា ការស្ថាបនាផ្លូវទាំង៣៨ខ្សែ និងកែលម្អសោភ័ណភាពក្នុងក្រុង និងក្នុងតំបន់រមនីយដ្ឋានអង្គរ ការសាងសង់ព្រលានយន្តហោះថ្មី ការរៀបចំព្រឹត្តិការណ៍នានា សម្រាប់ទាក់ទាញភ្ញៀវទេសចរ អភិវឌ្ឍក្រុងសៀមរាបឲ្យក្លាយជាទីក្រុងឆ្លាតវៃ ពង្រីកទេសចរណ៍សហគមន៍ និង ពង្រឹងការផ្តល់សេវាទេសចរណ៍ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានោះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និង ក្តីសង្ឃឹម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនចំណុចទៅតាមវិស័យ ក្នុងនោះទាក់ទងនឹងវិស័យទេសចរណ៍ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចជាច្រើនដូចជា៖ជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និង ធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។

បន្ថែមពីនេះ លោក បានលើកពីកិច្ចខិតខំបន្តជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជាផ្លូវ,ទឹកស្អាត, អគ្គិសនី, ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ឲ្យបានល្អប្រសើរ និង ពង្រឹងសមត្ថភាព សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍,ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ,ការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច និង ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបន្តជម្រុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និង រំហូរទេសចរអន្តរជាតិក្នុងការទស្សនាប្រទេសកម្ពុជា និង បន្តពង្រីកការអភិវឌ្ឍទេសចរណ៍នៅតាមគោលដៅនានាដូចជា សហគមន៍ទេសចរណ៍, អេកូទេសចរណ៍ និង កសិទេសចរណ៍ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និង ភាគីពាក់ព័ន្ធឲ្យបានល្អប្រសើរ ៕
