Close

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់កសិករត្រូវរួសរាន់ពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់បន្ទាន់ ចំពោះការរាតត្បាតនៃដង្កូវហ្វូង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់កសិករត្រូវរួសរាន់ពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់បន្ទាន់ ចំពោះការរាតត្បាតនៃដង្កូវហ្វូង មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់កសិករត្រូវរួសរាន់ពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់បន្ទាន់ ចំពោះការរាតត្បាតនៃដង្កូវហ្វូង

កំពង់ស្ពឺ៖ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ ចុះពិនិត្យស្រែជាប្រចាំ បើជួបប្រទះនឹងដង្កូវហ្វូងកំពុងបំផ្លាញដំណាំស្រូវ ។

ឯកឧត្តម ងិន ឆាយ បានអំពាវនាវបែបនេះ ក្នុងពេល ឯកឧត្តម ដឹកនាំមន្ត្រីជំនាញបន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណង ដើម្បីសិក្សាវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់និងកម្ចាត់ដង្កូវតាមរយៈការណែនាំ និងផ្តល់សៀវភៅ ស្តីពី វិធានការចម្រុះគ្រប់សមាសភាពចង្រៃលើដំណាំស្រូវ និងបច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដាបច្ចេកទេសដែលអាចចៀសវាងផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានឱ្យប្រជាកសិករ ត្រូវរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា។

ឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះស្ថិតនៅក្នុងដំណាក់កាលនៃការផ្ទុះឡើងដង្កូវហ្វូងនៅឡើយ។ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនានេះ ដង្កូវហ្វូងបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅ ខេត្តកំពង់ស្ពឺ ប្រមាណជា៦៥ហិកតាប៉ុណ្ណោះ ខណៈមកដល់ថ្ងៃទី២៣ ខែមិថុនានេះ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែលជាជិត២០០ហិកតា។

ឯកឧត្តមបន្តថា បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ ដង្កូវហ្វូងអាចបំផ្លាញដំណាំស្រូវឬដំណាំផ្សេងៗទៀតក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។

ឯកឧត្តមបន្ថែមថា ប្រសិនបើប្រជាកសិករជួបប្រទះនឹងដង្កូវកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់ដង្កូវនោះឱ្យទាន់ពេលវេលា៕

ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការវាយតម្លៃពីស្ថានភាពនៃ«ករណីផ្ទុះដង្កូវហ្វូង» ពីសំណាក់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់់ថា វិធានការគីមីទើបមានប្រសិទ្ធភាពខ្ពស់ក្នុងកាលៈទេសៈនេះ ដោយសារដង្កូវភាគច្រើនបានរីករាលជាច្រើនដំណាក់កាលរួចទៅហើយ។

ឯកឧត្តមបន្ថែមថាជាមួយគ្នានោះ ឯកឧត្តម ងិន ឆាយ បានអំពាវនាវឱ្យបងប្អូនកសិករត្រូវចុះតាមដានពិនិត្យដំណាំរបស់ខ្លួនជាប្រចាំ និងចាត់វិធានការជាបន្ទាន់ទៅតាមបច្ចេកទេសណែនាំ បើឃើញវត្តមានដង្កូវហ្វូង ដោយមិនត្រូវបង្អង់រង់ចាំឡើយ។

ឯកឧត្តម សង្កត់ទៀតថា ដើម្បីទទួលបានការណែនាំបន្ថែមខាងផ្នែកបច្ចេកទេស ឬការជ្រើសរើសប្រភេទថ្នាំសម្លាប់ដង្កូវ សូមទំនាក់ទំនងទៅមន្ទីរកសិកម្មដែលស្ថិតនៅជិតបំផុត ឬមន្ត្រីកសិកម្មនៅតាមឃុំនិងស្រុក ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទពិសេសរបស់ក្រសួង«1289»។ បើមានលទ្ធភាព ការប្រើប្រាស់ដ្រូនអាចមានប្រសិទ្ធខ្ពស់ លឿន សព្វល្អ និងសន្សំសំចៃខ្ពស់ ជាពិសេសសម្រាប់អ្នកមានផ្ទៃដីដំណាំធំ។

ជាទូទៅ ប្រសិនបើយើងទាំងអស់គ្នាមានការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ដង្កូវហ្វូងដូចពេលបច្ចុប្បន្ននេះ ការបំផ្លាញស្ថិតក្នុងកម្រិតមួយដែលអាចស្តាឡើងមកវិញនៅឡើយ មិនទាន់មានការខូចខាតធ្ងន់ធ្ងរនោះទេ៕





អត្ថបទទាក់ទង