Close

ប្រធានក្លឹប PSG និង Chelsea ជួបគ្នា ជុំវិញកិច្ចព្រមព្រៀងតារាឆ្នើមប្រេស៊ីល Neymar

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ប្រធានក្លឹប PSG និង Chelsea ជួបគ្នា ជុំវិញកិច្ចព្រមព្រៀងតារាឆ្នើមប្រេស៊ីល Neymar ប្រធានក្លឹប PSG និង Chelsea ជួបគ្នា ជុំវិញកិច្ចព្រមព្រៀងតារាឆ្នើមប្រេស៊ីល Neymar

ប្រធានក្លឹប Paris Saint-Germain លោក Nasser al Khelaifi និងសហម្ចាស់ក្លឹបតោខៀវ Chelsea លោក Todd Boehly បានជួបកាលពីថ្ងៃអង្គារ នៅទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីការផ្ទេរដ៏មានសក្តានុពលរបស់ Neymar។ នេះបើយោងតាមប្រភពបានប្រាប់ ESPN ។

ការជួបគ្នានេះធ្វើឡើងតែប៉ន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបរាជ័យក្នុងដីរបស់ Paris Saint-Germain ក្នុងការប្រកួត Champions League ទល់នឹង Bayern Munich ក្នុងលទ្ធផល ១ ទល់នឹង ០។

ESPN បានរាយការណ៍ថា Al Khelaifi និង Boehly បានជួបគ្នានៅសណ្ឋាគារប្រណិតមួយនៅជិត Arc de Triomphe សម្រាប់អាហារថ្ងៃត្រង់ ដើម្បីពិភាក្សាពីផ្ទេរ Neymar ហើយបន្ថែមពីលើការផ្លាស់ប្តូរនេះ អ្នកទាំងពីរបានពិភាក្សាអំពីការបរាជ័យនៃការផ្ទេរ Hakim Ziyech ពី Chelsea ទៅ Paris នៅចុងបញ្ចប់នៃរដូវរងារនេះ ផងដែរ។

មែនទែនទៅ វាត្រូវបានគេដឹងជាច្រើនខែមកហើយថា PSG ចង់លក់ Neymar ចេញ។ ទម្រង់លេង មិនទៀងទាត់របស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងផ្សេងៗ បានធ្វើឱ្យលោក Al Khelaïfi នឿយហត់ចំពោះគាត់ រហូតដល់ Le Parisien រាយការណ៍ថា ក្លិបអាចអនុញ្ញាតឱ្យគាត់ចាកចេញដោយឥតគិតថ្លៃ ដើម្បីសន្សំប្រាក់បៀវត្សរ៍ដ៏ខ្ពស់របស់គាត់ ទោះបីជាមិនបានតម្លៃខ្លួនផ្ទេរមួយអឺរ៉ូក៏ដោយ។

បើតាមរបាយការណ៍ PSG ចង់លក់កីឡាករប្រេស៊ីល ក្នុងតម្លៃខ្លួនផ្ទេរប្រហែល ៦០ លានអឺរ៉ូ ។ បច្ចុប្បន្ន Neymar ទទួលបាន ៣៦ លានអឺរ៉ូ ក្នុងមួយរដូវកាលនៅ PSG បន្ទាប់ពី Messi និង Mbappe ជាកីឡាករ ដែលមានប្រាក់ខែខ្ពស់បំផុតក្នុងក្រុម៕