រដ្ឋមន្ត្រីសាធារណការឱ្យក្រុមហ៊ុន RRC ធានានូវសុវត្ថិភាព និងផាសុកភាពអ្នកដំណើរនៅពេលដាក់ឱ្យដំណើការទូរថភ្លើង១១ គ្រឿងដែលទិញមកពីជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី២៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia (RRC) ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុន RRC ធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅ និងស្ថានភាពបច្ចុប្បន្ន និងលក្ខណៈបច្ចេកទេសរបស់ទូរថភ្លើង។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន RRC ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ នៅពេលដែលទូរថភ្លើងដាក់ឱ្យដំណើរការ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ លើការលើកកម្ពស់សុវត្ថិភាពនៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។
ទូរថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញមកពីជប៉ុន ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ទូរថភ្លើងទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ និងផ្តល់ជូននូវការធ្វើដំណើរយ៉ាងរលូន ប្រកបដោយផាសុកភាពជាមួយនឹងល្បឿនអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ការនាំចូលនៃទូរថភ្លើងថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការវិនិយោគដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់ អភិវឌ្ឍបន្ថែម ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរថភ្លើងនៅកម្ពុជា។
ការមកដល់នៃទូរភ្លើងទាំងនេះបានបង្ហាញពីការអភិវឌ្ឍន៍មួយសម្រាប់ក្រុមហ៊ុន Royal Railway និងវិស័យផ្លូវដែកនៅកម្ពុជា។
ការអភិវឌ្ឍថ្មីនេះនឹងនាំអោយក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើតបន្ថែមនៃខ្សែផ្លូវដែកតភ្ជាប់ទៅខេត្តផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឆ្លើយយបទៅនឹងតម្រូវការនៃអតិថិជន សម្រាប់ការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Royal Railway មានការជឿជាក់ថាការបន្ថែមនៃទូរថភ្លើងថ្មីនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការមធ្យោបាយធ្វើដំណើរតាមផ្លូវដែក ឱ្យទទួលបាននូវសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬខេត្តនានាក្នុងប្រទេសកម្ពុជា៕