ក្រុមហ៊ុន Doppelmayr បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដឹកជញ្ជូនតាម “កន្រ្តកខ្សែកាប” នៅភ្នំពេញ
ភ្នំពេញ៖ ក្រុមហ៊ុន Doppelmayr Group តាមរយៈ ក្រុមហ៊ុន World Bridge Group លើកយកមកធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបទបង្ហាញអំពីទំនើបកម្មលើសេវាដឹកជញ្ជូនសាធារណៈតាមរយៈកន្រ្តកខ្សែកាប (Cable Car)ជូនមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងទីក្រុងភ្នំពេញ។
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទី២៨ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន World Bridge Group ដឹកនាំដោយលោក Allen Tan នាយកផ្នែកយុទ្ធសាស្រ្ត និងតំណាងក្រុមហ៊ុន Doppelmayr Group ដោយមានការចូលរួមផងដែរពី ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងជំនួបនាព្រឹកនេះ អ្នកតំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា សកម្មភាពប្រតិបត្តិការ និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ពិសេសគឺ សក្តានុពល និងគុណសម្បត្តិនៃការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។
បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយចីរភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវចំណាប់អារម្មណ៍លើគម្រោង និងការសិក្សាបឋមដែលក្រុមហ៊ុនលើកយកមកបង្ហាញ ដោយបានគូសបញ្ជាក់ពីសេវាដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ការតភ្ជាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
លោកជំទាវ បានបន្ថែមថា ក្រសួងក៏បាន និងកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈក្នុងទីក្រុងជាច្រើនទម្រង់ រួមមាន Subway, Monorail, AGT ជាដើម ពិសេសនោះគឺការតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិថ្មី មកកាន់រាជធានីភ្នំពេញ។
តាមរយៈជំនួបនេះ ភាគីក្រុមហ៊ុន សង្ឃឹមថា ក្រសួងសាសាធារណការ និងដឹកជញ្ជូន នឹងពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈនៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងប្រសើរឡើង៕