វិបត្តិថាមពលនឹងវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ
«តើវិបត្តិថាមពលសព្វថ្ងៃ នឹងមានលក្ខណៈធ្ងន់ធ្ងរដូចគ្នាទៅនឹងវិបត្តិកាលពីពេលមុនៗ ជាពិសេសគឺវិបត្តិប្រេងនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដែរឬទេ?» សំណួរនេះកំពុងត្រូវបានគេចោទសួរនៅទូទាំងពិភពលោក ខណៈដែលអ្នកប្រើប្រាស់ថាមពលបាននិងកំពុងរងគ្រោះដោយសារតម្លៃខ្ពស់ បណ្តាអាជីវកម្មនានាកំពុងព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល អ្នកនយោបាយនិងប្រធានធនាគារកណ្តាលកំពុងប្រឈមមុខនឹងការលំបាកក្នុងការដោះស្រាយបញ្ហាអតិផរណា ហើយប្រទេសជាច្រើនក៏កំពុងប្រឈមមុខជាមួយសម្ពាធនៃការរក្សាតុល្យភាពចំណាយផងដែរ។
វិបត្តិថាមពលនេះគឺមានសភាពធ្ងន់ធ្ងរដូចវិបត្តិថាមពលមុនៗដែរ ហើយជាក់ស្តែង វិបត្តិថាមពលសព្វថ្ងៃអាចនឹងមានសភាពកាន់តែអាក្រក់ខ្លាំង។ នៅទសវត្សរ៍ឆ្នាំ ១៩៧០ វិបត្តិមានជាប់ពាក់ព័ន្ធតែជាមួយប្រេងមួយមុខប៉ុណ្ណោះ ខណៈដែលវិបត្តិនៅពេលនេះ មានជាប់ទាក់ទងនឹងឧស្ម័នធម្មជាតិ ធ្យូងថ្ម ក៏ដូចជាវដ្តឥន្ធនៈនុយក្លេអ៊ែរថែមទៀតផង។
បន្ថែមពីលើការជំរុញឱ្យមានអតិផរណា វិបត្តិបច្ចុប្បន្នកំពុងប្រែក្លាយទីផ្សារសកលលោកឱ្យក្លាយទៅជាទីផ្សារមួយដែលពោរពេញទៅដោយការបែកខ្ញែកគ្នា និងកាន់តែងាយរងគ្រោះទៅនឹងភាពរអាក់រអួលដែលអាច បង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ រួមជាមួយវិបត្តិភូមិសាស្ត្រនយោបាយ ដែលកំពុងតែលេចឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែន វាកំពុងធ្វើឱ្យការប្រកួតប្រជែងរវាងមហាអំណាចពិភពលោកមានលក្ខណៈកាន់តែធ្ងន់ធ្ងរខ្លាំង។
វិបត្តិថាមពលសព្វថ្ងៃនេះមិនបានចាប់ផ្តើមដោយសារការឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែននោះទេ ក៏ប៉ុន្តែវាបានកើតឡើងកាលពីឆ្នាំមុន នៅពេលដែលតម្រូវការថាមពលបានហក់ឡើងខ្លាំង ខណៈពេលដែលពិភពលោកបាននិងកំពុងងើបចេញពីការរាតត្បាតនៃវីរុសកូវីដ-១៩។
វាគឺជាពេលដែលចិនបានជួបប្រទះនូវបញ្ហាកង្វះខាតធ្យូងថ្ម ហើយតម្លៃក៏បានហក់ឡើង។ ក្រោយមក ទីផ្សារពិភពលោកសម្រាប់ឧស្ម័នធម្មជាតិ (LNG) បានរងនូវការរឹតត្បិតដែលជា ហេតុធ្វើឱ្យតម្លៃហក់ឡើងកប់ពពក ហើយតម្លៃប្រេងក៏បានកើនឡើងដូចគ្នាផងដែរ។
ជាធម្មតានៅពេល តម្លៃថាមពលមានការកើនឡើង ប្រទេសដូចជារុស្ស៊ីអាចបង្កើនការលក់ឧស្ម័នធម្មជាតិរបស់ខ្លួនទៅឱ្យអតិថិជនធំរបស់ខ្លួន គឺទ្វីបអឺរ៉ុប ក្នុងបរិមាណលើសពីទំហំអប្បរមាដូចដែលបានចុះនៅក្នុងកិច្ចសន្យា។ ប៉ុន្តែ ប្រទេសរុស្ស៊ីបានបន្តប្រកាន់ភ្ជាប់ទៅនឹងកិច្ចសន្យារបស់ខ្លួន បើទោះបីជាខ្លួនអាចផលិតបានច្រើនជាងមុនក៏ដោយ ដែលនេះបានបង្ហាញថា «ប្រទេសរុស្ស៊ី ហាក់មានចេតនាបង្ខំឱ្យតម្លៃកើនឡើងខ្ពស់ ឬប្រហែលជាកំពុងត្រៀមខ្លួនធ្វើសង្គ្រាម»។
ដោយសារតែទ្វីបអឺរ៉ុបបានពឹងផ្អែកលើប្រេងនិងឧស្ម័នធម្មជាតិរបស់រុស្ស៊ីប្រមាណ ៣៥% ទៅ ៤០% លោក Putin បានសន្មតថា «បណ្តាប្រទេសអឺរ៉ុបដែលកំពុងប្រឆាំងការឈ្លានពាន នៅទីបំផុត អាចនឹងឈប់ប្រឆាំងវិញ»។ កត្តាចំនួន ៥ អាចធ្វើឱ្យវិបត្តិថាមពលបច្ចុប្បន្នវិវឌ្ឍទៅកាន់តែអាក្រក់។
ទី១៖ «លោក Putin បានបើកសមរភូមិទី ២ នៅក្នុងជម្លោះនេះ តាមរយៈការកាត់បន្ថយទំហំឧស្ម័នធម្មជាតិដែលបានចុះកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ទៅឱ្យទ្វីបអឺរ៉ុប»។ គោលដៅរបស់រុស្ស៊ីគឺ «ការទប់ស្កាត់បណ្តាប្រទេសអឺរ៉ុបពីការស្តុកទុកថាមពលគ្រប់គ្រាន់សម្រាប់រដូវរងារខាងមុខនេះ និងការជំរុញតម្លៃឱ្យឡើងកាន់តែខ្ពស់ថែមទៀត ដើម្បីបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់សេដ្ឋកិច្ច និងដើម្បីបង្កការខ្វែងគំនិតគ្នាផ្នែកនយោបាយ»។
នៅក្នុងសុន្ទរកថារបស់លោកកាលពីខែមិថុនានៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិនៃទីក្រុង St. Petersburg លោក Putin បានលើកឡើងនូវហេតុផលយ៉ាងច្បាស់ថា «បញ្ហាសេដ្ឋកិច្ចនិងសង្គម ដែលកំពុងធ្លាក់ចុះអាក្រក់នៅទ្វីបអឺរ៉ុប នឹងធ្វើឱ្យសង្គមរបស់ពួកគេរងនូវការបែកបាក់ដោយចៀសមិនរួច ហើយវានឹងឈានដល់ការផ្លាស់ប្តូរពួកឥស្សរជននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ»។
ដូចការរំពឹងទុក នៅពេលនេះ ប្រទេសអាល្លឺម៉ង់កំពុងទាមទារឱ្យមានការរឹតត្បិតលើការប្រើប្រាស់ឧស្ម័ន ហើយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ គឺលោក Robert Habeck បានព្រមានអំពី «ជំងឺឆ្លងដែលមាន លក្ខណៈ Lehman» (ដោយសំដៅទៅលើវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨) ប្រសិនបើទ្វីបអឺរ៉ុបមិនអាចគ្រប់គ្រងភាពរអាក់រអួលផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយបញ្ហាថាមពលនៅពេលបច្ចុប្បន្ននេះ»។
ទី២៖ «កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ឬការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ គឺជារឿងដែលមិនទំនងនោះទេ»។ ដូច្នេះ ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់នេះ នឹងមិនត្រូវបានលុបចោលទេហើយវានឹងមានន័យថា «ប្រេងរបស់អ៊ីរ៉ង់នឹងមិនអាចហូរចូលទៅក្នុងទីផ្សារពិភពលោកនៅក្នុងពេលឆាប់ៗនេះទេ»។
ទី៣៖ «បើទោះបីជាប្រទេសអារ៉ាប៊ីសាអូឌីតអាចបង្កើនផលិតកម្មប្រេងរបស់ខ្លួនដើម្បីជួយផ្តល់ស្ថិរភាពដល់ទីផ្សារប្រេងក៏ដោយ ក៏គ្មានអណ្តូងប្រេងណាមួយអាចត្រូវបានអភិវឌ្ឍបានលឿនតាមចិត្តចង់នោះទេ ហើយចំនួនប្រេងក៏មិននៅសល់ច្រើននោះដែរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត (ឬនៅប្រទេសអារ៉ាប់រួម)»។ ទន្ទឹមនឹងនេះដែរ ប្រទេសនាំប្រេងចេញជាច្រើនផ្សេងទៀតមិនអាចស្តារដំណើរការផលិតកម្មទៅដល់កម្រិតកាលពីមុននោះទេ ដោយសារតែកង្វះការវិនិយោគ និងការថែទាំចាប់តាំងពីការរាតត្បាតនៃវីរុសកូវីដ-១៩។
ទី៤៖ «តម្រូវការ ប្រេងរបស់ប្រទេសចិនបានថយចុះយ៉ាងខ្លាំងដោយសារតែការបិទខ្ទប់ទីក្រុងក្រោមគោលនយោបាយ Zero Covid ដែលបានកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចយ៉ាងគំហ៊ុក»។ ប៉ុន្តែ ប្រសិនបើប្រទេសចិនលុបចោលនូវការរឹតត្បឹតនោះ តម្រូវការប្រើប្រាស់ប្រេងអាចនឹងមានការកើនឡើងវិញ។
ចំណុចចុងក្រោយគឺ «ខណៈពេលដែលទីផ្សារប្រេងឆៅមានការរឹតត្បិតច្រើន ភាពតឹងតែងកាន់តែខ្លាំងបានកើតមាន នៅក្នុងវិស័យចំរាញ់ប្រេងដែលផលិតជាប្រេងសាំង, ប្រេងម៉ាស៊ូត និងឥន្ធនៈយន្តហោះ»។ វិស័យនេះបានវិវឌ្ឍទៅជាប្រព័ន្ធមួយដែលមានភាពទាក់ទងគ្នាទៅវិញទៅមកយ៉ាងខ្លាំង និងមានភាពប្រទាក់ក្រឡាខ្លាំងនៅទូទាំងពិភពលោក។
ប្រទេសរុស្ស៊ីចំរាញ់ផលិតផលប្រេងដើម្បីដឹកជញ្ជូនទៅទ្វីបអឺរ៉ុប ខណៈដែលទ្វីបអឺរ៉ុបនឹងបញ្ជូនប្រេងសាំងដែលខ្លួនមិនត្រូវការទៅកាន់តំបន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក។ រោងចក្រចំរាញ់ប្រេងរបស់សហរដ្ឋអាមេរិកកំពុងប្រតិបត្តិការក្នុងកម្រិតប្រមាណ ៩៥% នៃសមត្ថភាពផលិតរបស់ខ្លួន។
ប៉ុន្តែជារួម វានៅតែមិនអាចបំពេញបានតាមតម្រូវការ។ រោងចក្រចំរាញ់ប្រេងរុស្ស៊ីកំពុងដំណើរការតែមួយផ្នែកប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យទ្វីបអឺរ៉ុបជួបប្រទះនូវកង្វះខាតផលិតផលប្រេង ហើយប្រេងសាំងអឺរ៉ុប ក៏មិនអាចដឹកជញ្ជូនឱ្យបានគ្រប់គ្រាន់ទៅកាន់ទ្វីបអាមេរិកខាងជើងនោះដែរ។
រោងចក្រចំរាញ់ប្រេងរបស់ចិនកំពុងធ្វើប្រតិបត្តិការក្នុងសមត្ថភាពផលិតតិចជាង ៧០%។ រោងចក្រជាច្រើន ដែលមានសមត្ថភាពចំរាញ់ប្រេងបាន ប្រមាណ ៤ លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានគេបិទនៅទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុស, ការដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗ និងកត្តាប្រឈមផ្នែកសេដ្ឋកិច្ច។
ក្រៅពីហានិភ័យជាយថាហេតុនានា ការសម្រេចចិត្តដ៏អាក្រក់ផ្នែកគោលនយោបាយ និងព្យុះ Hurricane ដែលបានបោកបក់បំផ្លាញរោងចក្រចំរាញ់ប្រេងនៅតំបន់ឈូងសមុទ្រអាមេរិក (US Gulf Coast) អាចនឹងធ្វើឱ្យស្ថានការណ៍វិវឌ្ឍទៅកាន់តែអាក្រក់។
មានប្រទេសតិចតួចណាស់ដែលអាចបង្កើនផលិតកម្មប្រេងបាន។ ប្រទេសកាណាដា ដែលជាប្រទេសផលិតប្រេងធំជាងគេ ទី ៤ របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក, ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ីអាចជួយបង្កើនការផលិតបានខ្លះ ដោយមានការសហការជាមួយទីផ្សារប្រេងធំរបស់ខ្លួន គឺសហរដ្ឋអាមេរិក។
ការផលិតប្រេង «Shale Oil» របស់អាមេរិកបានវិលមករកដំណើរការផលិតយ៉ាងពេញទំហឹងឡើងវិញ និងអាចផលិតបន្ថែមបានចំនួន ៨០០ ០០០ ដល់ ១ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ដែលជាចំនួនច្រើនជាងឆ្ងាយ បើប្រៀបធៀបនឹងការផលិតប្រេងរបស់ពិភពលោកទាំងមូលរួមបញ្ចូលគ្នា។
កត្តាផ្សេងទៀត ដែលអាចកាត់បន្ថយហានិភ័យបាន រួមមានការផ្លាស់ប្តូរតម្លៃ និងរបៀបឆ្លើយតបរបស់អ្នកប្រើប្រាស់ប្រេង។ នៅខែឧសភា តម្រូវការប្រេងសាំងរបស់អាមេរិកមានចំនួន ៧% តិចជាងកាលពីខែឧសភាឆ្នាំ ២០១៩ ដែលមួយផ្នែកបណ្តាលមកពីមនុស្សកាន់តែច្រើនធ្វើការពីផ្ទះ។
ការធ្លាក់ចុះនៃ សេដ្ឋកិច្ចក៏អាចធ្វើឱ្យតម្លៃធ្លាក់ចុះផងដែរ។ សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ (Purchasing Managers’ Index) ជាសកលចុងក្រោយបំផុតរបស់ S&P បានបង្ហាញអំពីការចុះខ្សោយនៃកំណើន សេដ្ឋកិច្ច ខណៈដែលសកម្មភាពរោងចក្ររបស់សហរដ្ឋអាមេរិកកំពុងរងនូវការធ្លាក់ចុះខ្លាំងជាងក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ និងក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។
ដូចគ្នានេះដែរ កំណើនសេដ្ឋកិច្ចនៅអឺរ៉ុបបានធ្លាក់ចុះយ៉ាងគំហ៊ុកដល់កម្រិតដ៏ទាប ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចបែបនេះអាចកាត់បន្ថយតម្រូវការ និងបន្ទាបតម្លៃប្រេងឥន្ធនៈ។ ប៉ុន្តែ ជាក់ស្តែងការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏អាចបង្កការល្អក់កករដល់សម្ព័ន្ធភាពរបស់លោកខាងលិច និងការឯកភាពគ្នាក្នុងចំណោមពលរដ្ឋផងដែរ។
រយៈពេល ៦ខែ ខាងមុខនឹងមានភាពស្រួចស្រាល់ខ្លាំង ដោយក្នុងនោះវានឹងក្លាយជាការធ្វើតេស្តសាកល្បងទៅលើបញ្ហាថា «តើទ្វីបអឺរ៉ុបអាចជំនះបញ្ហាលំបាកនៅក្នុងរដូវរងាខាងមុខបានដែរឬទេ?» លោក Babeck បានលើកឡើងថា «ទ្វីបអឺរ៉ុបនឹងចាំបាច់ត្រូវប្រើប្រាស់ធ្យូងថ្មកាន់តែច្រើនថែមទៀត» ហើយនៅក្នុងពេលប៉ុន្មានខែដ៏លំបាកខាងមុខនេះ វាគួរតែមានកិច្ចសហការគ្នាកាន់តែច្រើនរវាងរដ្ឋាភិបាលនិងឧស្សាហកម្មឥន្ធនៈ ដើម្បីគ្រប់គ្រងលើលំហូរថាមពល ដែលបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនបាននិងកំពុងតែពឹងផ្អែក៕
Project Syndicate