Close

ឯកអគ្គរដ្ឋទូតចិន ៖ ផ្លែម្រៀនស្រស់កម្ពុជាបាននាំចេញទៅដល់ប្រទេសចិនជិត ៣,០០០ តោន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតចិន ៖ ផ្លែម្រៀនស្រស់កម្ពុជាបាននាំចេញទៅដល់ប្រទេសចិនជិត ៣,០០០ តោន ឯកអគ្គរដ្ឋទូតចិន ៖ ផ្លែម្រៀនស្រស់កម្ពុជាបាននាំចេញទៅដល់ប្រទេសចិនជិត ៣,០០០ តោន

ភ្នំពេញ ៖ យ៉ាងហោចណាស់ផ្លែមៀនប៉ៃលិនរបស់កម្ពុជាបាននាំចេញទៅដល់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិនប្រមាណជិត ៣,០០០តោន ហើយនៅឆ្នាំបន្ទាប់នឹងមានកំណើនកាន់តែច្រើនជាងនេះជាក់ជាមិនខាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះថា ផ្លែមៀនស្រស់របស់កម្ពុជាចំនួនប្រមាណជាង២,៦០០តោនហើយ ត្រូវបាននាំចេញទៅដល់ប្រទេសចិន។ ផ្លែមៀនស្រស់របស់កម្ពុជាបានបង្ហាញខ្លួននៅលើទីផ្សារ និងនៅផ្ទះរបស់ប្រជាជនចិនជាច្រើនផងដែរ ដោយលោកក៏រំពឹងថា ពោតរបស់កម្ពុជា ក៏នឹងនាំចូលទីផ្សារចិន នៅពេលឆាប់ៗខាងមុខនេះ ដោយនៅដើមឆ្នាំថ្មីខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ កម្ពុជា-ចិននឹងមានភាពមមាញឹកខ្លាំង នៅខែមករា។

គួររំលឹកផងដែរថា កម្ពុជា-ចិន បានប្រារព្ធធ្វើពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅនេះ ដែលជាការបើកទ្វារសម្រាប់ការនាំចេញ កសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន។ ជាការកត់សម្គាល់ មៀនប៉ៃលិនកម្ពុជា ថ្មីៗនេះ បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ ក្នុងប្រទេសចិន ដោយសារផ្លែមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មានស្តង់ដារសុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន។ តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ក្នុងមួយឆ្នាំចំនួន២ម៉ឺនតោនផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ ការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិននូវចំការមៀនចំនួន ៧៤ ដែលទទួលបានសិទ្ធិអាទិភាព ក្នុងនោះមាន នៅខេត្តប៉ៃលិន មានចំនួន៤០ចំការ បាត់ដំបងចំនួន២៨ចំការ និងបន្ទាយមានជ័យ ចំនួន៦ចំការ។ ដោយឡែក រោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំង នៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ បន្ទាប់ពីផ្លែស្វាយ និងផ្លែចេក។

បច្ចុប្បន្នទូទាំងប្រទេសកម្ពុជាមានផ្ទៃដីដាំដុះផ្លែមៀនប៉ៃលិនប្រមាណ ១៤ ៥០០ ហិកតា និងមានផ្ទៃដីប្រមូលផលរហូតជាង១ ៥០០ ហិកតា ចំណែកក្នុងមួយឆ្នាំៗដំណាំហូបផ្លែប្រភេទមៀន ឬតាង៉ែន អាចប្រមូលផលបានជាង ២០ម៉ឺនតោន ដែលភាគច្រើនដាំនៅលើទឹកដីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រៅពីនឹងដាំនៅខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ធំមានចំនួនតិចតួច។

ចំពោះទីផ្សារប្រទេសចិនវិញ ដំណាំ«មៀនប៉ៃលិនស្រស់»បានក្លាយជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ នៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយស្រស់ ផ្លែចេកស្រស់ ហើយ ដំណាំផ្លែមៀនប៉ៃលិននេះ កម្ពុជានាំទៅចិនដោយផ្ទាល់ គឺអាចរកប្រាក់ចំណូលបានពី១៥០ ទៅ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕

អត្ថបទទាក់ទង