Close

កំណើន GDP ឆ្នាំ២០២២ របស់វៀតណាម បានកើនឡើងដល់ ៨.០២% កើនឡើងលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
កំណើន GDP ឆ្នាំ២០២២ របស់វៀតណាម បានកើនឡើងដល់ ៨.០២% កើនឡើងលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧ កំណើន GDP ឆ្នាំ២០២២ របស់វៀតណាម បានកើនឡើងដល់ ៨.០២% កើនឡើងលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧

បរទេស ៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ៨.០២% ក្នុងឆ្នាំ២០២២នេះ ដែលវាជាកំណើនប្រចាំឆ្នាំដ៏លឿនបំផុត និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៧ ដោយក្នុងនោះមានកត្តាធំៗចំនួនពីរ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនោះគឺការលក់រាយក្នុងស្រុកមានសន្ទុះខ្លាំង និងការនាំចេញ។

រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅនៃកំណើនខ្ពស់ជាផ្លូវការត្រឹមចន្លោះ ៦.០% ទៅ ៦.៥% ខណៈដែលកាលពីឆ្នាំមុនបានកើនឡើងត្រឹមតែ ២.៥៨% ប៉ុណ្ណោះ ដោយសារតែបញ្ហារីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិខ្លាំង ជាពិសេសគឺរោងចក្រជាច្រើនត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន។

ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា “ដំណើរការសេដ្ឋកិច្ចក្នុងស្រុក មានសញ្ញាវិជ្ជមានល្អប្រសើរច្រើន បើទោះបីជាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងនយោបាយសកល នៅមិនទាន់ប្រាកដប្រជាក្ដី”។

វិស័យឧស្សាហកម្ម និងសំណង់ក្នុងឆ្នាំ២០២២ បានកើនឡើង ៧.៧៨% ខណៈដែលវិស័យសេវាកម្មកើនឡើង ៩.៩៩% និងវិស័យកសិកម្មកើនឡើង ៣.៣៦%។

GSO បាននិយាយថា ការនាំចេញក្នុងឆ្នាំ២០២២ បានកើនឡើង ១០.៦% ស្មើនឹង ៣៧១.៨៥ ពាន់លានដុល្លារ ខណៈដែលការលក់រាយបានកើនឡើង ១៩.៨% ស្របពេលដែលតម្លៃទំនិញប្រើប្រាស់ក្នុងខែធ្នូបានកើនឡើង ៤.៥៥% ធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងប្រទេសវៀតណាម ដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសនេះ បានកើនឡើង ១៣.៥% នៅឆ្នាំនេះ ស្មើនឹង ២២.៤ ពាន់លានដុល្លារ។ តាផែនការ ប្រទេសវៀតណាម បានកំណត់គោលដៅកំណើន GDP ឱ្យបាន ៦.៥% និងអតិផរណាអាចស្ថិតក្នុងរង្វង់ ៤.៥% សម្រាប់ឆ្នាំក្រោយ៕

អត្ថបទទាក់ទង