ធឿន ធារ៉ា និងជើងខ្លាំង៣រូបផ្សេងទៀត នឹងចូលដណ្ដើមខ្សែក្រវាត់ម៉ារ៉ាតុនរបស់ស្ថានីយ៍ទូរទស្សន៍ជាតិ
ភ្នំពេញ ៖ ស្ថានីយ៍ទូរទស្សន៍ជាតិ បានរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់ម៉ារ៉ាតុន ប្រភេទទម្ងន់ ៧១គីឡូក្រាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងខណ្ឌកំបូល ខណៈបេក្ខភាពត្រូវដណ្ដើមមានចំនួន៤រូប សុទ្ធតែជាជើងខ្លាំងក្នុងស្រុក និងក្រៅស្រុក។
ជុំវិញការប្រកួតនេះ លោក នៅ លីដា ផលិតករប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានប្រាប់មកកាន់ ENN News ថា ៖«ស្ថានីយ៍ទូរទស្សន៍ជាតិ នឹងរៀបចំការប្រកួតម៉ារ៉ាតុនដណ្ដើមខ្សែក្រវាត់ ប្រភេទទម្ងន់ ៧១គីឡូក្រាម។ ចំពោះចំនួនទឹកប្រាក់ខ្សែក្រវាត់នេះ មានតម្លៃ ១,៦៨៩ ដុល្លារ ព្រោះនេះជាតំណាក់កាលដំបូង ដើម្បីរកឲ្យឃើញម្ចាស់ខ្សែក្រវាត់ប្រភេទទម្ងន់ ៧១គីឡូក្រាមសិន ហើយយើងនឹងដំឡើងតម្លៃខ្សែក្រវាត់ ពេលដែលគាត់ដាក់ឲ្យការពារ»។
ផលិតករប្រដាល់ដែលមានដើមកំណើរនៅខេ្តព្រៃវែងរូបនេះ បានបញ្ជាក់ថា ៖ « ចំពោះបេក្ខភាពដែលត្រូវចូលមកដណ្ដើមខ្សែក្រវាត់ខាងលើនេះ មានចំនួន៤រូប គឺជើងខ្លាំងេបស់កម្ពុជា អ្នកលេងពូថៅដៃ ធឿន ធារ៉ា, កីឡាករ ឈឿន ល្វៃ, កីឡាករសញ្ជាតិអង់គ្លេស Alex Macgvegov និងកីឡាករជើងខ្លាំងមួយរូបទៀតមកពីប្រទេសថៃ ដែលយើងនឹងប្រកាសក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ថា អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ទើបតែគ្រងខ្សែក្រវាត់ IPCC ក្រោយផ្ដួលកីឡាករប្រេស៊ីល Thiago Teixeira ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹក៤ ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC នៅខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕