Close

តស់! ទៅទស្សនាសត្វស្លាបជាច្រើនប្រភេទនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
តស់! ទៅទស្សនាសត្វស្លាបជាច្រើនប្រភេទនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង តស់! ទៅទស្សនាសត្វស្លាបជាច្រើនប្រភេទនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង

សៀមរាប៖ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងស្ថិតនៅជាប់មាត់បឹងទន្លេសាបដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រ ពីទីប្រជុំជនសង្កាត់ជ្រាវ ក្រុងសៀមរាបប៉ុណ្ណោះ ។ក្រោយពេលដែលបានរៀបចំរួចរាល់ ទីតាំងនេះ ផ្តល់នូវទស្សនីភាពសត្វស្លាបទឹក ព្រៃលិចទឹក មច្ឆា និងថ្ងៃរៈនិងថ្ងៃរៀបលិច។ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅកាន់ទីតាំងទេសចរណ៍នេះ ដោយកង់ ម៉ូតូ រម៉ក់ និងរថយន្តគ្រប់ប្រភេ។

សហគមន៍ទេសចរណ៍មួយនេះ គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ការអភិរក្សនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រើនដែលត្រូវការស្វែងរកចំណី តំបន់នេះជាទីជម្រកយ៉ាងសុខសាន្តសម្រាប់ទាំងពពួកមច្ឆា និងសត្វស្លាបទាំងឡាយទាំងពួង ។

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់លើការ អភិរក្សធនធានធម្មជាតិទាំងអស់គ្នាសម្រាប់កូនចៅយេីងជំនាន់ក្រោយ និងសម្រាប់វិស័យទេសចរណ៍យើផងដែរ។

សូមរំលឹកថា ដោយមើលឃើញពីសារសំខាន់ និងឃើញពីសក្តានុពលនៃតំបន់មាត់បឹងទន្លេសាបមួយនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ បានរួមគ្នាបង្កើតជាសមាគមមួយដែលមានឈ្មោះថា «សមាគមសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង» និងបានស្នើទៅស្ថាប័នពាក់ព័ន្ធដើម្បីគ្រប់គ្រងតំបន់អភិរក្សនេះ។

កាលពីពេលកន្លងទៅ ទីតាំងនេះគឺជាតំបន់ដែលមានការនេសាទយ៉ាងអនាធិបតេយ្យ។ ប៉ុន្តែចាប់តាំងពីបានទទួលការអនុញ្ញាតឲ្យចូលគ្រប់គ្រងការពារនៅតំបន់នេះ និងឆ្លងកាត់កាប្តេជ្ញាចិត្តខ្ពស់ របស់ប្រជាសហគមន៍ រួមជាមួយការគាំទ្រផ្លូវច្បាប់ពីស្ថាប័នជំនាញពាក់ព័ន្ធផងនោះ តំបន់«បឹងពារាំង» បានក្លាយខ្លួនពីវាលរហស្ថាន មកជាទីជម្រករបស់សត្វត្រី ក្លាយជាទីរកចំណីរបស់សត្វស្លាបរាប់រយប្រភេទ ដែលនេះ គឺជាសក្តានុពលដ៏ធំ ក្នុងការទាក់ទាញអ្នកទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្តផងដែរ។

សក្តានុពលទាំងអស់នេះ ក៏ជាកត្តាជំរុញឲ្យសហគមន៍កសាងនូវផែនការអភិវឌ្ឍន៍ទេសចរណ៍បន្ថែមទៀត ដូចជាការកសាងផ្លូវជិះកង់នារដូវប្រាំងជាដើម។

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ធ្លាប់បានបញ្ជាក់ ថា សត្វស្លាប មិនត្រឹមតែជាសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញភ្ញៀងទេសចរបរទេសមកទស្សនាកម្ពុជាទៀតផង។ សម្ដេចក៏បានគាំទ្រកន្លែងអភិរក្សសត្វស្លាប ដូចនៅ«បឹងពារាំង» ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបជាដើម។
សត្វស្លាបនៅ«បឹងពារាំង»នេះ នាពេលនេះ កំពុងកើនឡើងច្រើនប្រមាណជា ១៧០ប្រភេទ។

បើទោះបីជាមានសត្វស្លាបច្រើនក៏ពិតមែន តំបន់«បឹងពារាំង» មិនមែនជាបន្ទាយសត្វ ដូចតំបន់ព្រែកទាល់ខេត្តបាត់ដំបងនោះទេ។ «បឹងពារាំង» វាគ្រាន់តែជាកន្លែងដែលសត្វមករកចំណី លើកលែងតែប្រភេទសត្វខ្លះ ដូចជា កុក ក្រសារ ជាដើម ដែលពងកូននៅទីនេះ។

សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងមានផ្ទៃទំហំ២៧០ហិកតា ហើយបើគិតទាំងដីព្រៃលិចទឹកផង តំបន់នេះ មានផ្ទៃដីទំហំជាង៣០០ហិកតា។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរ ក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារនៅតាមកោះនានា ដែលមានក្នុងបឹងផងដែរ៕

អត្ថបទទាក់ទង