Close

ទិវាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤៖ រួមគ្នាការពារសម្បត្តិធម្មជាតិរបស់កម្ពុជា!

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទិវាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤៖ រួមគ្នាការពារសម្បត្តិធម្មជាតិរបស់កម្ពុជា! ទិវាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤៖ រួមគ្នាការពារសម្បត្តិធម្មជាតិរបស់កម្ពុជា!

ភ្នំពេញ៖ សម្រាប់ទិវាភពផែនដីអន្តរជាតិ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ អង្គការ WWF-កម្ពុជា បានអំពាវនាវឱ្យ រួមគ្នា ការពារសម្បត្តិធម្មជាតិរបស់កម្ពុជាជាបន្ទាន់ ខណៈបញ្ហាប្រឈមភពផែនដីកំពុងជួបប្រទះ ។

ជាមួយគ្នានេះ អង្គការនេះ បានមើលឃើញថា ប្រទេសកម្ពុជាកំពុងជួបប្រទះអាកាសធាតុក្តៅជាងមុនក៏ដោយសារតែការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះ ដូចជាការកាប់ព្រៃឈើ ការផ្លាស់ប្តូរការប្រើប្រាស់ដី កំណើននៃការធ្វើកសិកម្មមិនមាននិរន្តរភាព និងការជួញដូរសត្វព្រៃខុសច្បាប់ជាដើម។

ក្រៅពីនេះ អង្គការ WWF-កម្ពុជា បានចាត់ទុកតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ​ (MFF) មានសក្តានុពល និងភាពដ៏អស្ចារ្យរបស់ទន្លេមេគង្គដែលជាសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន។ ទន្លេដ៏មានសារៈសំខាន់នេះជួយទ្រទ្រង់ដល់ការរស់នៅរបស់សហគមន៍តាមរយៈការផ្តល់ជាប្រភពអាហារ ផ្លូវគមនាគមន៍សម្រាប់ការដឹកជញ្ជូន ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកជំនន់ជាដើម។

លើសពីនេះ ទន្លេមេគង្គក៏មានវត្តមានជីវៈចម្រុះយ៉ាងសម្បូរបែប និងសត្វព្រៃសំខាន់ៗជាសាកលផងដែរ រួមមាន សត្វផ្សោត ត្រីរាជ្យ ត្រីគល់រាំង បបែលយក្សទឹកសាប និងសត្វក្តាន់ ជាដើម។

នាឱកាសនៃទិវាភពផែនដីអន្តរជាតិថ្ងៃថ្ងៃទី ២២ ខែមេសានេះ អង្គការនេះ ឱ្យយើងទាំងអស់គ្នាទទួលស្គាល់ថាផែនដី និងប្រព័ន្ធអេកូឡូស៊ី គឺជាផ្ទះរួមរបស់យើង។ វាពិតជាចាំបាច់ណាស់ក្នុងការការពារភពផែនដី ដើម្បីបង្កើនជីវភាពរស់នៅរបស់មនុស្ស ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងថែរក្សាជីវចម្រុះឱ្យកាន់តែប្រសើរ។

អត្ថបទទាក់ទង