Close

អ្នកជំនាញអចលនទ្រព្យកម្ពុជារំពឹងទទួលបានការវិនិយោគបន្ថែមពីប្រទេសចិនក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោកន្លងទៅនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
អ្នកជំនាញអចលនទ្រព្យកម្ពុជារំពឹងទទួលបានការវិនិយោគបន្ថែមពីប្រទេសចិនក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោកន្លងទៅនេះ អ្នកជំនាញអចលនទ្រព្យកម្ពុជារំពឹងទទួលបានការវិនិយោគបន្ថែមពីប្រទេសចិនក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចតេជោកន្លងទៅនេះ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនរយៈពេល៣ថ្ងៃ ដោយក្នុងដំណើរទស្សនកិច្ចនេះដែរ សម្ដេចតេជោក៏បានជួបជាមួយនឹងបណ្ដាក្រុមហ៊ុនធំៗរបស់ចិនដែលមានវត្តមាននៅក្នុងកម្ពុជាស្រាប់ និងក្រុមហ៊ុនចិនផ្សេងទៀតដែលមិនទាន់មានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ តាមរយៈដំណើរនេះអ្នកជំនាញរំពឹងថានឹងនាំវិនិយោគិនចិនចូលមកម្ពុជាបន្ថែមទៀតនៅពេលអនាគតជាមិនខាន។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមានការសិក្សាប្លង់ , ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការស្តាផ្លូវទឹក, ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍នីហរ័ណ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីពីការសាងសង់ និងដាក់ឱ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ជាមួយ នឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំង៣ ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ក្រុមហ៊ុនវិនិយោគទាំង៣របស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ ។

តាមរយៈជំនួបនេះយើងអាចបញ្ជាក់បានថា ក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាទីក្រុងប៉េកាំងប្រទេសចិន កម្ពុជានឹងទទួលបាននូវអ្វីដែលថ្មី ការវិនិយោគបន្ថែម និងសមិទ្ធផលជាច្រើនពីប្រទេសចិន ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានមើលឃើញថា ក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្រៅប្រទេស កម្ពុជាតែងតែទទួលបាននូវការវិនិយោគថ្មីៗពីប្រទេសទាំងនោះ ដោយវិនិយោគិនពីប្រទេសទាំងនោះផ្ដល់ទំនុកចិត្តបន្ថែមដល់រដ្ឋាភិបាលកម្ពុជាក្រោយមានការជួបរវាងថ្នាក់ដឹកនាំប្រទេសនីមួយៗ ។

អ្នកស្រី ហ្គ្រេស រចនី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា មានកត្តាចំនួន៤សំខាន់ៗ ដែលវិនិយោគិនបរទេសចាប់អារម្មណ៍លើការវិនិយោគក្នុងប្រទេសកម្ពុជាក្នុងនោះ១.ការធ្វើដំណើរមានភាពងាយស្រួល ព្រោះកម្ពុជាបានតភ្ជាប់ជើងហោះហើរកាន់ទូលាយទៅកាន់ប្រទេសសំខាន់ៗ ២.តម្លៃអចលនទ្រព្យនៅមានកម្រិតទាបធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់ ៣. អត្រាពន្ធរបស់រដ្ឋនៅមានកម្រិតទាបជាងប្រទេសជិតខាង និងទី៤. ការផ្ដល់ទិដ្ឋាការដល់ជនបរទេសមានភាពទូលាយជាងប្រទេសផ្សេងៗនិងមិនស្មុគ្រស្មាញ ។

អ្នកស្រី បន្តថា ឆាប់ៗនេះ កម្ពុជានឹងទទួលបានការវិនិយោគពីប្រទេសក្រៅឡើងវិញ ហើយក៏ជាឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុកដែលមានអចលនទ្រព្យសម្រាប់ទទួលបាននូវប្រាក់ចំណេញខ្ពស់នៅមានលំហូរវិនិយោគពីប្រទេសកាន់តែច្រើនឡើងវិញ ៕

អត្ថបទទាក់ទង