អាហ្សង់ទីន និងប្រទេសចំនួន៣នៅអាមេរិកឡាទីន រួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០
(បាល់ទាត់)៖ កាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសចំនួន៤នៅអាមេរិកឡាទីន រួមមាន អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានដាក់ដេញថ្លៃជាផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០។ នេះបើយោងតាមការចេញផ្សាយរបស់ Rueters ។
ប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) លោក Alejandro Dominguez បាននិយាយក្នុងពិធីមួយនៅឯសមាគមបាល់ទាត់អាហ្សង់ទីន (AFA) ដែលមានការចូលរួមដោយមន្ត្រីនៃប្រទេសទាំង៤ខាងលើថា៖ « ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ មិនមែនគ្រាន់តែជាការប្រកួតបាល់ទាត់ពិភពលោកមួយផ្សេងទៀតនោះទេ វាសមនឹងទទួលបានការអបអរសាទរជាមួយការទទួលស្គាល់រយៈពេល ១០០ ឆ្នាំ»។
លោក Dominguez បន្តថា ៖« យើងជឿជាក់ថា FIFA មានកាតព្វកិច្ចគោរពដល់ការចងចាំរបស់អ្នកដែលបានមកមុនយើង ហើយជឿជាក់លើភាពអស្ចារ្យ និងបានបង្កើតការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូង»។
ជាមួយគ្នានេះ ប្រធាន AFA លោក Claudio Tapia បានគូសបញ្ជាក់ថា៖«ក្នុងនាមជាម្ចាស់ជើងឯកពិភពលោក យើងអនុវត្តការដេញថ្លៃនេះ ដែលជាក្តីសុបិនរបស់ប្រជាជនអាមេរិកខាងត្បូង ទាំងអស់។ មិនត្រឹមតែជាការគម្រប់ខួបមួយរយឆ្នាំនៃការបង្កើត World Cup លើកទីមួយប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែចំណង់ចំណូលចិត្ត ដែលយើងរស់នៅបាល់ទាត់»។
គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតលើកដំបូងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន ធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ ១៩៧៨ និងឈីលីនៅឆ្នាំ១៩៦២ ខណៈដែលប៉ារ៉ាហ្គាយ មិនដែលធ្វើជាម្ចាស់ផ្ទះការប្រកួតដ៏ធំបំផុតរបស់កីឡានេះទេ៕