មន្ត្រី នៃ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យគរុកោសល្យចិន ពិភាក្សាដើម្បីបណ្តុះបណ្តាលភាសាចិនបន្តទៀត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានពិភាក្សា រៀបចំគម្រោងសហការបន្ថែមទាក់ទងទៅនឹងការបណ្តុះបណ្តាលភាសាចិននៅកម្ពុជា ជាពិសេស ពង្រឹង និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នទាំងពីរ ដើម្បីការវិវត្តនូវការបណ្តុះបណ្តាលភាសាចិនបន្តទៀត។
ទំព័រហ្វេសបុករបស់រាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូចិនអញ្ជើញមកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (ទីក្រុងសៀងហៃ) ដឹកនាំដោយលោកសាស្ត្រាចារ្យ Gu Hongliang សាកលវិទ្យាធិការសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត។
ភាគីទាំងពីរ បានពិភាក្សាឆ្ពោះទៅទិសដៅមួយចំនួន រួមមាន ការបណ្តុះបណ្តាលគរុកោសល្យ និងនិស្សិតរយៈពេលខ្លី និង ស្វែងរកលទ្ធភាព នៃកិច្ចសហប្រតិបត្តិការផ្សេងទៀតទៅលើការបណ្តុះបណ្តាលភាសាចិន និងការសិក្សាស្រាវជ្រាវទៅលើជំនាញ ប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ទំនាក់ទំនងអន្តរជាតិ អក្សរសាស្ត្រ។
មួយវិញទៀតភាគីទាំងពីរបានពិភាក្សា ផ្តោតលើ អាហារូបករណ៍ភាសាចិនទៅលើជំនាញបច្ចេកទេស, ការផ្លាស់ប្ដូរនិស្សិត និងមន្ត្រីនៃស្ថាប័នទាំងពីរ, ការបណ្តុះបណ្តាលភាសាចិន Nig ចាប់ពីបរិញ្ញាបត្រ ដល់ថ្នាក់បណ្ឌិត។
ក្នុងនោះខាងភាគីចិនបានជំរុញគាំទ្រឱ្យមានការធ្វើវចនានុក្រម ខ្មែរ-ចិន ចិន-ខ្មែរ ដោយភាគីទាំងសងខាង គឺត្រូវមានអ្នកជំនាញផ្នែកភាសាដូចគ្នានិងរៀបចំធ្វើគម្រោងនេះជាមួយគ្នានាពេលខាងមុខ។
គួររំលឹកដែរថា ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នារួចមកហើយទៅលើវិស័យអប់រំបណ្តុះបណ្តាល កាលពីឆ្នាំ២០២០ និងបានសហការធ្វើការងាររួមគ្នាកន្លងមក។
កិច្ចសហប្រតិ្តបត្តិការនេះសុទ្ធសឹងជាការចូលរួមចំណែកនៃការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញ ដែលជាតម្រូវការក្នុងសង្គម ជាធាតុចូលស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជា ជាចំណែកមួយនៃកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរដើម្បីពង្រីកវិសាលភាពអប់រំឱ្យកាន់តែខ្ពស់ថែមទៀត៕