Rodrygo បន្តកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២៨
កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លឹបអធិរាជស Real Madrid បានប្រកាសថា ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បានកាន់ប៊ិកចុះកិច្ចសន្យាថ្មី រហូតដល់ឆ្នាំ ២០២៨។
មែនទែនទៅ ការប្រកាសនេះ បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីមិត្តរួមជាតិប្រេស៊ីល Vinicius Jr បានសម្រេចបន្តកុងត្រា នៅ Real Madrid ដល់ឆ្នាំ ២០២៧។
កីឡាករ Rodrygo វ័យ ២២ឆ្នាំ បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៩ ពីក្លិប Santos របស់ប្រេស៊ីល ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យារយៈពេល ៧ឆ្នាំ។
Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Real Madrid CF និង Rodrygo បានយល់ព្រមលើការបន្តកិច្ចសន្យា ដែលនឹងបន្តស្នាក់នៅក្លឹប រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៨” ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា កិច្ចសន្យាថ្មីនេះ នឹងធ្វើឲ្យរូបគេមានតម្លៃខ្លួនទិញផ្ដាច់រហូតដល់ ១ពាន់លានអឺរ៉ូ ដែលស្មើនឹង ១.០៦ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ Rodrygo ស៊ុតបញ្ចូលទីបាន ៣៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៧៩ ប្រកួត សម្រាប់ Real និងឈ្នះពានរង្វាន់ចំនួន ៨ ដូចជា LALIGA, Champions League និង Club World Cup ជាដើម៕