Close

ក្រសួងកសិកម្មកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីពង្រឹងការកែច្នៃផលិតផលកសិកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីពង្រឹងការកែច្នៃផលិតផលកសិកម្ម ក្រសួងកសិកម្មកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីពង្រឹងការកែច្នៃផលិតផលកសិកម្ម

ដើម្បីទម្លាក់ថ្លៃដើមផលិត និងពង្រឹងការកែច្នៃបន្ថែម ក្រសួងកសិកម្មនាពេលនេះកំពុង សហការជាមួយដៃគូពាក់ព័ន្ធយ៉ាងជិតស្និទ្ធ។ ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន KOMATSU ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនកសិកម្ម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីស្ថានភាពវិស័យកសិកម្មកម្ពុជាថា​ បច្ចុប្បន្ននេះ យើងមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ តែកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបោះ​ជំហានធ្វើឱ្យប្រសើរឡើងលើកែច្នៃផលិត ផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាម​ស្តង់ដាគោលនយោបាយ ដើម្បីទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ដៃគូអភិវឌ្ឍត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកាឱ្យចំទិសដៅស្របតាមគោលនយោបាយរបស់ក្រសួង ដើម្បីមានការគាំទ្រ សហការ និងផ្តល់ ប្រយោជន៍​ដល់កសិករប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គោលនយោបាយវិស័យកសិកម្មថ្មី កំពុងផ្តោតយកចិត្តទុកដាក់ជំរុញសហគមន៍កសិកម្មគម្រូថ្មី បន្ទាប់ពីបានចាប់ផ្តើម និងបន្តការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយ កសិម្មឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករក្នុងដាំដុះកសិផលសម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ (Scale Economy)។

ក្នុងជំនួបនោះផងដែរ ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគី​ក្រុមហ៊ុននឹងបន្តសិក្សាឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគចំទិសដៅ ឆ្លើយតបនឹងតម្រូវ​ការពិតប្រាកដ៕

អត្ថបទទាក់ទង