គ្រូបង្វឹក Spurs ថា វាលឿនពេកហើយ ក្នុងការនិយាយថា Spurs លើកពាន Premier League រដូវកាលនេះ
(បាល់ទាត់)៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Ange Postecoglou បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះថា Tottenham Hotspur គឺជាក្រុមកំពូលតារាង Premier League និងមិនស្គាល់ចាញ់សោះក្នុងការប្រកួតបើកឆាក ៩លើក ប៉ុន្តែផ្លូវវែងឆ្ងាយ ព្រោះមានការប្រកួតជាច្រើនទៀត។
គួរឱ្យដឹងថា ក្រុមរបស់លោក Ange Postecoglou ត្រូវបានគេនិយាយថា គឺជាក្រុមដែលអាចប្រជែងពាន Premier League រដូវកាលនេះ ព្រោះកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ដោយមិនទាន់ស្គាល់រសជាតិចាញ់ឡើយក្នុងលីគរដូវកាលនេះ។ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអូស្ត្រាលីរូបនេះ យល់ថា វាហាក់ដូចជាលឿនពេក ក្នុងការពិភាក្សាអំពីរឿងនេះ។
Postecoglou បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតរបស់ពួកគេ ទល់ Crystal Palace នៅថ្ងៃសុក្រនេះថា៖«គ្មានអ្នកចាត់ការណាម្នាក់ នឹងនិយាយអំពីការឈ្នះជើងឯករបស់ខ្លួន នៅក្នុងខែតុលា និងខែវិច្ឆិកាទេ ពីព្រោះយើងទាំងអស់គ្នាដឹងហើយថា ផ្លូវនៅវែងឆ្ងាយទៀត»។
លោកបានបន្តថា៖« “យើងមិននិយាយក្នុងលក្ខខណ្ឌទាំងនោះជាមួយកីឡាករទេ លំហូរព័ត៌មានសំខាន់របស់ខ្ញុំ គឺអំពីរបៀបដែលយើងអាចបន្តការកែលម្អ តើយើងអាចដោះស្រាយបញ្ហាប្រឈមក្នុងការស្ថិតក្នុងលីក ដែលមានការប្រកួតប្រជែងបំផុតក្នុងពិភពលោក រៀងរាល់សប្តាហ៍ដោយរបៀបណា»។
លោក Ange Postecoglou ក៏បានផ្តល់ព័ត៌មានថ្មីៗអំពីរបួសចុងក្រោយ រួមទាំង Ben Davies ដែលបានខកខាន ក្នុងការទទួលជ័យជម្នះ ២-០ កាលពីថ្ងៃច័ន្ទ លើក្រុម Fulham ផងដែរ។
គួរបញ្ជាក់ថា Spurs កំពុងឈរកំពូលតារាង មាន ២៣ពិន្ទុ ហើយកំពុងសម្លឹងមើលការបន្តការមិនស្គាល់ចាញ់របស់ពួកគេ និងដណ្តើមបានជ័យជម្នះជាលើកទី ៤ របស់ពួកគេជាប់ៗគ្នា ទៅក្រុម Palace ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ១១ ដែលមាន ១២ពិន្ទុ៕