រដ្ឋមន្ត្រី ពីររូប ប្រកាសដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក

ភ្នំពេញ៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញនេះ ប្រកាសដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ជាពិសេស ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការសម្របសម្រួលក្នុងភាពជាដៃគូលើការអនុវត្តកម្មវិធីសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព”។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់ទុកពិធីសម្ពោធនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធី និងការសម្របសម្រួលភាពជាដៃគូអនុវត្តគម្រោងសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព ។
រដ្ឋមន្ត្រីសង្គមកិច្ចឯកឧត្តម ជា សុមេធី បានលើកឡើងថា នៅព្រះរាជាណាចក្រកម្ពុជា មានអត្រាជនមានពិការភាព អាយុ៥ឆ្នាំឡើង សរុបចំនួន ៦៨៩,៤៥៧ នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប (យោងតាមជំនឿឆ្នាំ២០១៩)។ ហើយមូលហេតុចម្បងៗ ដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត ដែលមូលហេតុទាំងនេះ ប្រែប្រួលទៅតាមបម្រែបម្រួលប្រជាសាស្រ្ត និងសម័យកាល។
ក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវគម្រោង ATscale នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំងក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជម្ងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែក និងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសាមីន និងគ្រោះថ្នាក់ចរាចរណ៍។ សំរាប់បញ្ហាភ្នែក អត្រាប្រេវ៉ាឡង់ពិការភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩។ យោងតាមការស្រាវជ្រាវប្រជាសាស្រ្ត CDHS ឆ្នាំ ២០២១-២០២២ ១.៥% នៃគ្រួសារ មានបញ្ហាគំហើញខ្លាំង និងនិង ០.១% មិនអាចមើលឃើញតែម្តង។
ឯកឧត្តម បានបន្តទៀតថា ការទទួលបាននូវការមើលឃើញពិភពលោក និងបរិយាកាសជុំវិញខ្លួនយ៉ាងច្បាស់ ការដែលអាចធ្វើដំណើរ ធ្វើចលនាបានដោយសេរី និងការរស់នៅប្រកបដោយឯករាជ្យ គឺជាសិទ្ធិដែលមិនបដិសេធបានសម្រាប់ជនមានពិការភាពគ្រប់រូប។ ថ្ងៃនេះ យើងសូមប្រកាសថា នេះគឺជាសិទ្ធិដែលជនមានពិការភាពកម្ពុជាគ្រប់រូបត្រូវទទួលបាននូវសេវាស្តារលទ្ធភាពពលកម្ម និងការថែទាំសុខភាពភ្នែក ហើយវាជាសិទ្ធិដែលជនមានពិការភាពក្នុងសកលលោកត្រូវទទួលបាន ដើម្បីភាពរីករាយក្នុងជីវិតរបស់ពួកគាត់។
រដ្ឋមន្ត្រីសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបង្ហាញការយល់ឃើញថា “គម្រោង ATscale នេះ គឺយើងត្រូវមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ ហើយយើងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់រូប។ យើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវៈយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតអោយប្រសើរឡើង”។
បើតាម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០.០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ៕