Close

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា និស្សិតខ្មែរទាំង ៤៥២ នាក់នៅអ៊ីស្រាអែលមានសុវត្ថិភាព

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា និស្សិតខ្មែរទាំង ៤៥២ នាក់នៅអ៊ីស្រាអែលមានសុវត្ថិភាព រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា និស្សិតខ្មែរទាំង ៤៥២ នាក់នៅអ៊ីស្រាអែលមានសុវត្ថិភាព

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ ដោយបញ្ជាក់ថា និស្សិតខ្មែរទាំង ៤៥២ នាក់នៅអ៊ីស្រាអែលមានសុវត្ថិភាព។ នេះបើយោងតាមប្រភពព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលនូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ក្នុងសង្គ្រាមនៅអ៊ីស្រាអែល។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការនៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន ក្រោមការយកចិត្តទុកដាក់ការពារសុវត្ថិភាពពីអាជ្ញាធរអ៊ីស្រាអែល និងម្ចាស់កសិដ្ឋានដែលពួកគេកំពុងស្នាក់នៅនិងហាត់ការ ដោយមានកិច្ចសម្របសម្រួលនិងតាមដានជាប្រចាំពីក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «និស្សិតខ្មែរជាង៤៥០ នាក់ដែលកំពុងសិក្សានិងហាត់ការនៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពជាធម្មតា និងកំពុងបំពេញកម្មសិក្សានៅតាមកសិដ្ឋានរៀងៗខ្លួន និង សូមបដិសេធព័ត៌មានមិនពិតដែលផ្សាយដោយសកម្មជនបក្សប្រឆាំងក្រៅស្រុកមួយចំនួនដែលថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីថា «រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជានិច្ចចំពោះ សុខទុក្ខនិស្សិតខ្មែរទាំងអស់ នៅក្នុងប្រទេសអ៉ីស្រាអែល ដោយចាត់ទុកសុវត្ថិភាពរបស់ពួកគេជាអាទិភាពចម្បងបំផុត។ ក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការរទេសនិងសហប្របត្តិការអន្តរជាតិ ក្រសួងអប់រំ ក្រសួងកសិកម្ម ព្រមទាំងស្ថាប័នមានសមត្ថកិច្ចមួយចំនួនទៀត ធ្វើការទាក់ទងជាប្រចាំជាមួយនិស្សិត និងម្ចាស់កសិដ្ឋានដែលពួកគេស្នាក់នៅ ក៏ដូចជាអាជ្ញាធរអ៉ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូននិស្សិតខ្មែរទាំងអស់ ក៏ដូចជាអន្តរាគមន៍ដោះស្រាយបញ្ហាជូនពួកគេជាបន្ទាន់ប្រសិនបើពួកគេត្រូវការ»។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជាបានយកចិត្តដាក់យ៉ាងខ្លាំង ចំពោះសុវត្ថិភាពបងប្អូននិស្សិតខ្មែរ ដែលកំពុងរស់នៅ និងធ្វើការ នៅប្រទេសអ៊ីស្រាអ៊ែល ចាប់តាំងពីមានការប្រយុទ្ធគ្នា ដោយអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧តុលា ឆ្នាំ ២០២៣មក ដោយសម្តេចតាមដានសុខទុក្ខរបស់ពួកគេទាំងយប់ទាំងថ្ងៃ៕

អត្ថបទទាក់ទង