ក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាបលើកដំបូង ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ
សៀមរាប៖ យន្តហោះ ២គ្រឿង ដឹកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានចុះចតនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប។
ក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។
ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរខាងលើមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេ បានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នាយ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។
គួរជម្រាបថា តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេសចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃ មាជាង១ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ៕