Arsenal និង Manchester United បរាជ័យដូចគ្នា ក្នុងការប្រកួត UCL សប្ដាហ៍ទី២
កាលពីយប់មិញនេះ ក្រុមមកពីប្រទេសអង់គ្លេសចំនួន២ គឺក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យដូចគ្នា ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League សបា្តហ៍ទី២។
ការប្រកួតសន្សំពិន្ទុក្នុងពូល A រវាងម្ចាស់ផ្ទះ Manchester United និងក្រុមភ្ញៀវ Galatasaray មានគ្រាប់បាល់ចំនួន ៥គ្រាប់។ ម្ចាស់ផ្ទះ Man United បានបេីកការនាំមុខ ដោយកីឡាករ Rasmus Højlund នាទី ១៧ ប៉ុន្តែ៦នាទីក្រោយមក ពោលគឺនៅនាទី ២៣ Wilfried Zaha បានតាមស្មើ ១-១។
លុះចូលដល់តង់ទី២ Højlund ដដែល បានរកគ្រាប់នាំមុខជាថ្មី ២-១ នៅនាទី៦៧ ប៉ុន្តែភាពរីករាយរបស់ Man United បានរលាយជាថ្មី បន្ទាប់ពី Kerem Aktürkoğluស០ស៊ុតតាមស្មេី២-២។ លុះដល់នាទី៨១ អតីតខ្សែប្រយុទ្ធក្រុម PSG កីឡាករ Mauro Icardi រកបានគ្រាប់បាល់ជ័យជំនះឱ្យ Galatasaray។ ចប់ការប្រកួត Man United ២-៣ Galatasaray ខណៈ Man United ឈរបាតតារាងគ្មានពិន្ទុរាប់។
ងាកមកចាប់អារម្មណ៍មិត្តរួមលីគរបស់បិសាចក្រហមវិញម្ដង ក្រុមកាំភ្លើងធំ Arsenal ក៏មានវាសនាមិនខុសគ្នាដែរ ពោលគឺក្នុងសបា្តហ៍ទី២នេះ បានបរាជ័យក្រោមថ្វីជើងក្រុម Lens របស់បារាំង ក្នុងលទ្ធផល ១ ទល់នឹង ២។
គ្រាប់បាល់ដ៏គួរឲ្យភ្ញាក់ផ្អើលពីរគ្រាប់របស់ Lens បានធ្វើឲ្យក្រុមបារាំង ទទួលបានជ័យជម្នះដ៏គួរឲ្យចងចាំមួយលើ Arsenal។
យប់មិញនេះ ក្រុមកាំភ្លើងធំ បាននាំមុខមុនតាមរយៈកីឡាករ Gabriel Jesus ប៉ុន្តែក្រុមម្ចាស់ផ្ទះតាមស្មើវិញ ដោយការស៊ុតបាល់បញ្ចូលទីរបស់ Adrien Thomasson ។ ការទាត់បាល់យ៉ាងស្អាតពីសំណាក់កីឡាករវ័យក្មេង Elye Wahi បានធ្វើឱ្យម្ចាស់ផ្ទះ ទទួលជ័យជម្នះលេីក្រុមដែលកំពុងឈរលេខ២ នៅ Premier league មួយនេះ ។
តាមរយៈលទ្ធផលនេះ បានធ្វើឲ្យ Lens ឡេីងមកឈរកំពូលតារាងក្នុងពូល C បណ្ដោះអាសន្ន មាន ៤ពិន្ទុ ខណៈ Arsenal ឈរលេខ២ មាន ៣ពិន្ទុ។
គួរឲ្យដឹងថា Lens ចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួតចុងក្រោយនៅ UCL ក្នុងការប្រកួតក្នុងផ្ទះ ដោយឈ្នះ ១៤ និងស្មើ ២ និងចាញ់១៕