Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹក្យ ស្តីពីការកែសម្រួលអត្រាពន្ធអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹក្យ ស្តីពីការកែសម្រួលអត្រាពន្ធអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹក្យ ស្តីពីការកែសម្រួលអត្រាពន្ធអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ

ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ថ្ងៃនេះសម្តេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួនក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។

សម្តេចធិបតី មានប្រសាសន៍បន្តថា ក្នុងពេលដែលរូបខ្ញុំ និងគណប្រតិភូចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ បានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។

សម្តេចធិបតី បានលើកឡើងថា ៖«ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលខ្ញុំបានទទួល ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ជាមួយនឹងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់ និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង»។

សម្តេចធិបតី បានថ្លែងថា ៖«ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ»៕

អត្ថបទទាក់ទង