៣ ថ្ងៃ មានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ទៅទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ
សៀមរាប៖ អ្នកជំនាញទេសចរណ៍បាន ឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានជាង ១ម៉ឺន ២ពាន់នាក់។ នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ អ្នកទេសចរខ្មែរ មានចំនួន ៩,៨៤៧នាក់ និងអ្នកទេសចរអន្ដរជាតិទិញសំបុត្រមើលថ្ងៃរះមានជាង ២,៧៨៨នាក់ ដែលសរុបក្នុងរយពេល ៣ថ្ងៃ មានចំនួនជាង ១ម៉ឺន២ពាន់នាក់។
លោកបន្តថា ដោយឡែកអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីមើលថ្ងៃរះ ក្នុងរយ:ពេលបីថ្ងៃដូចគ្នា មានចំនួន ៣១,៩០៨នាក់ ក្នុងនោះអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤,២៥៥នាក់។
លោកសេង សុធារ៉ា បានបន្ថែមថា អ្នកទេសចរ បង្ហាញអាម្មណ៍រំភើបពេលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាពិសេសនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ជាង ៦ពាន់នាក់ បានមកទស្សនាទស្សនីយភាពថ្ងៃរះ នាព្រឹកព្រលឹមនៅប្រាសាទអង្គរ ដោយទឹកមុខសប្បាយរីករាយ បើទោះបីព្រះអាទិត្យមិនបានបញ្ចេញពន្លឺច្បាស់ក៏ដោយ។
លោកថ្លែងថា ៖«ពួកគាត់បានបង្ហាញក្តីរំភើបពេលបានមកទស្សនាថ្ងៃរះ នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ ជាមួយនឹងមនុស្សជាច្រើនពាន់នាក់ ជាពិសេសបរិស្ថានជុំវិញប្រាសាទ និងការរៀបចំសណ្តាប់ធ្នាប់មានរបៀបរៀនរយល្អ ដែលជាការទាក់ទាញ ក្រៅពីប្រាសាទ។ ពួកគេបានសម្ដែងមោទកភាពចំពោះភាពអស្ចារ្យនៃស្នាដៃរបស់ដូនតាខ្មែរ ដែលបានកសាងសំណង់ប្រាសាទដ៏អច្ឆរិយមួយនេះ»។
បើតាមន្ទីរព័ត៌មានខេត្តសៀមរាប នៅក្នុងអំឡុងពេល ៣ថ្ងៃនេះ ឃើញតែថ្ងៃទី២១ទេ ដែលមានថ្ងៃរះ មើលឃើញចេញពីគល់កំពែងអង្គរវត្ដឡើងមកដល់លើ តែមានការបាំងពពកតិចៗ ប៉ុន្ដែគ្រាន់បើជាងថ្ងៃទី២២ និងថ្ងៃទី២៣ ដែលបានបាំងពពកច្រើន។ ប៉ុន្ដែបើទោះបីមានការបាំងពពកយ៉ាងណាក៏ដោយ ទេសចរក៏អាចមើលឃើញទស្សនីយភាពថ្មីមួយទៀតគឺទិដ្ឋភាពពន្លឺថ្ងៃរះពណ៌ដូចមាសពេញផ្ទៃមេឃ។
សូមជម្រាបថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២១ ២២ ២៣ ខែកញ្ញាជារៀងរាល់ឆ្នាំ៕