Ronaldo ដឹកនាំ Al Nassr ឈ្នះ Asia Cup ជាប្រវត្តិសាស្ត្រនៅអ៊ីរ៉ង់
(បាល់ទាត់)៖ កីឡាករ Cristiano Ronaldo រីករាយនឹងការឈ្នះលើកដំបូងក្នុងពានរង្វាន់ Asian Champions League ខណៈដែលគាត់បានជួយ Al Nassr ឱ្យទទួលជ័យជម្នះ ២-០ លើក្រុម Persepolis ក្នុងប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។
ម្ចាស់ពាន Ballon d’Or ៥សម័យ ដែលឈ្នះពាន UEFA Champions League ៥ដង បានដឹកនាំក្រុម Al Nassr របស់អារ៉ាប៊ីសាអូឌីត ដើម្បីរកបាន ៣ពិន្ទុដំបូងក្នុងពូល E។
ការប្រកួតនៅកីឡដ្ឋាន Azadi ក្នុងទីក្រុង Tehran ត្រូវបានលេងដោយគ្មានអ្នកគាំទ្របន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានដាក់បម្រាមមួយប្រកួត សម្រាប់អ្នកគាំទ្រ Persepolis។ Al Nassr យកឈ្នះម្ចាស់ផ្ទះ Persepolis ក្នុងលទ្ធផល ២-០ តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ កីឡាករ Danial Esmaeilifar និងគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អ ដោយខ្សែការពារ Mohammed Qassem។
មែនទែនទៅ វាជាលើកទីមួយហើយ ដែលក្លឹបអារ៉ាប៊ីសាអូឌីត លេងនៅប្រទេសអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពី AFC បានប្រកាសពី “កិច្ចព្រមព្រៀងដំបូង” នៅដើមខែនេះ រវាងសហព័ន្ធប្រទេសទាំងពីរ។ ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានផ្តាច់ចំណងការទូត កាលពីប្រាំពីរឆ្នាំមុន ដែលមានន័យថា ការប្រកួតពានរង្វាន់ Asian Champions League ចាប់តាំងពីពេលនោះមក ត្រូវលេងនៅទីលានកណ្ដាល។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់របស់ Al Nassr ក្នុងពានរង្វាន់ Asian Champions League នឹងត្រូវប៉ះជាមួយក្រុម Istiklol នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ នាកីឡដ្ឋាន Prince Faisal Bin Fahd Stadium ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕