ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន Andres Nieto ដាក់គោលដៅឈ្នះពាន AFC Cup និងលីគកំពូលកម្ពុជា ក្នុងរដូវកាលនេះ
(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ Andres Nieto សញ្ជាតិកូឡុំប៊ី បានដាក់គោលដៅក្នុងការឈ្នះពានរង្វាន់ AFC Cup និងលីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០២៣-២៤។ នេះបើយោងតាមការបង្ហោះរបស់ក្លិបសឹងក្រហមភ្នំពេញក្រោន។
កីឡាករ Andres Nieto បាននិយាយប្រាប់ទៅកាន់ក្លិបយ៉ាងដូច្នេះថា៖«ជាការពិតណាស់ ខ្ញុំមានភាពរីករាយជាមួយនឹងការបង្ហាញថ្មីៗនេះ ហើយក៏ដូចជាការជួយក្លិបទទួលបានរបស់សំខាន់ៗ។ គ្រប់រដូវកាលដែលនៅជាមួយក្លិបខ្ញុំតែងតែបង្ហាញការលេងល្អ ហើយខ្ញុំតែងតែព្យាយាមឲ្យអស់លទ្ធភាព ដែលនេះគឺជាគន្លឹះចាក់ចេញពី Comfort zone»។
កីឡាករកំពស់ ១.៧៨ម៉ែត្ររូបនេះ បានបញ្ជាក់បន្ថែមថា៖«ខ្ញុំមិនទាន់ដល់ចំនុចកំពូលរបស់ខ្ញុំទេ! ខ្ញុំនៅមានគោលដៅជាច្រើនទៀត ខ្ញុំចង់ឈ្នះពានរង្វាន់ AFC Cup ពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូល ម្តងទៀត»។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមសឹងក្រហមភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ ក្រុមសេះមាសវិសាខា វេលាម៉ោង ៦:០០នាទីល្ងាច នៃពានរង្វាន់ CPL សប្តាហ៍៥។
សម្រាប់ការប្រកួត AFC Cup វិញ ភ្នំពេញក្រោន នឹងត្រូវចេញដំណើរទៅប្រកួតជាមួយក្រុម Cebu របស់ហ្វីលីពីន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងវគ្គចែកពូល ហើយបន្ទាប់មកត្រូវជួបក្រុម Shan United នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣៕