មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដាក់ចេញបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ពង្រីកទីផ្សារអង្ករជូនកសិករ
តាកែវ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញបេសកកម្មកសាងប្រព័ន្ធពូជសុទ្ធស្រូវផ្ការំដួលលើផ្ទៃដី ២៥០,០០០ ហិកតានៅទូទាំងប្រទេសសម្រាប់ឆ្លើយតបទៅនឹងតំរូវការផលិតកម្មអង្ករផ្ការំដួល ដើម្បីនាំចេញឲ្យបានសម្រេចនៅឆ្នាំ២០២៥។
បេសកម្មនេះ ត្រូវបានដឹកនាំដោយឯកឧត្តម យ៉ង សំាងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងននេសាទដោយចាប់ផ្តើមមានផែនការគាំទ្រកសិករខេត្តតាកែវឱ្យមានការផលិតស្រូវផ្ការំដួលសម្រាប់ផលិតអង្ករនាំចេញតាមរយ:ផ្សារភ្ជាប់ជាមួយប្រព័ន្ធប្រើពូជសុទ្ធលើផ្ទៃដីចំនួន ២០,០០០ ហិកតាឲ្យបានសម្រេចនៅឆ្នាំ២០២៥។
ឆ្លើយតបទៅនឹងផែនការនេះ ឯកឧត្តម យ៉ង សាំងកុមារ បានបើកកិច្ចប្រជុំតំរង់ទិស និងពង្រឹងសមត្ថភាពដល់យុវជនស្ម័គ្រចិត្ត អ្នកដឹកនាំសហគមន៍កសិកម្ម និងមន្រ្តីមន្ទីរកសិកម្មខេត្តតាកែវ ដោយជំរុញឱ្យពួកគេផ្តោតលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលសម្រាប់ផលិតកម្មអង្ករនាំចេញ។
នាឱកាសនោះ ឯកឧត្តម យ៉ង សំកុមារ ថ្លែងថា នៅខេត្តតាកែវមានឃុំចំនួន ៧០ ដែលមានផលិតស្រូវផ្ការំដួលលើ ដី ៥០,០០០ ហិកតាដែលក្នុងនោះអាចកំណត់យក ២០ ទៅ ៣០ ឃុំជាកន្លែងដែលមានសក្តានុពលក្នុងការផលិតស្រូវផ្ការំដួលសម្រាប់ការនាំចេញ។
ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម យ៉ង សំាងកុមារ បាន បន្តការងារនេះនៅខេត្តកំពត និងកំពង់ស្ពឺទៀត ដើម្បីកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួលលើផ្ទៃដី ២៥០,០០០ ហិកតានៅទូទាំងប្រទេសសម្រាប់ឆ្លើយតបទៅនឹងតំរូវការផលិតកម្មអង្ករផ្ការំដួល ដើម្បីនាំចេញឲ្យបានសម្រេចនៅឆ្នាំ២០២៥។
បើតាម ឯកឧត្តម យ៉ង សំាងកុមារ កសិករចូលរួមប្រព័ន្ធពូជសុទ្ធទទួលបានទីផ្សារនិងតម្លៃស្រូវល្អ។ ស្រូវរបស់កសិករក្នងប្រព័ន្ធពូជសុទ្ធជាមួយការច្រូតកាត់បានល្អ (ស្រូវទុំល្អនិងមិនសើមពេក) រោងម៉ាស៊ីនផ្តល់តម្លៃខ្ពស់ជូនកសិករជាងស្រូវធម្មតា។តាមរយ:មន្រ្តីកសិកម្មឃុំ និងនិស្សិតស្ម័គ្រចិត្តក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពុងពង្រឹង និងពង្រីកប្រព័ន្ធពូជសុទ្ធផ្ការំដួលនិងសែនក្រអូប០១ សម្រាប់បង្កេីនសមត្ថភាពប្រកួតប្រជែងអង្ករប្រណីតកម្ពុជានៅលេីទីផ្សារអន្តរជាតិដេីម្បីបង្កេីនជីវភាពកសិករនិងសេដ្ឋកិច្ចជាតិទាំងមូល៕