សោកស្ដាយផង! U23 កម្ពុជា ហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024
(បាល់ទាត់)៖ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ បានហាលអាវត្រឹមវគ្គចែកពូល សម្រាប់វគ្គជម្រុះ AFC U23 Asian Cup 2024 ក្រោយពីបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ U23 អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ៦-១ កាលពីរាត្រីថ្ងៃ អង្គារ ទី១២ ម្សិលមិញនេះ នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត។
ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត មានគ្រាប់បាល់កើតឡើងរហូតដល់ ៦គ្រាប់ ក្នុងនោះ ៥គ្រាប់ កើតឡើងនៅតង់ទី១ និង ២គ្រាប់ នៅតង់ទី២។ ក្នុងតង់ទី១ បាននាំមុខកម្ពុជា ៤-១ រកបានដោយកីឡាករ Ahmed Al-Ghamdi ចំនួន ២គ្រាប់ នៅនាទីទី ៦ និង ១៨, កីឡាករ Radif នៅនាទី ២៦ និងកីឡាករ Al-Juwayr នៅនាទី ៣៩ ខណៈ១គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ សា ទី នៅនាទីទី៥។ លុះចូលដល់តង់ទី២ ម្ចាស់ផ្ទះបានបន្ថែមពីគ្រាប់ទៀតដោយកីឡាករ Radif នៅនាទី ៥៦ និងកីឡាករ Al-Faraj ៨៧។
បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូល J អារ៉ាប៊ីសាអូឌីត ឈរនៅលេខ១ មាន ៩ពិន្ទុ កម្ពុជា ឈរនៅលេខ២ ៤ពិន្ទុ លីបង់ ឈរលេខ៣ មាន ២ពិន្ទុ ខណៈ ម៉ុងហ្គោលី ឈរបាតតារាង មាន ១ពិន្ទុ។ ដូច្នេះ អារ៉ាប៊ីសាអូឌីត ឡើងទៅកាន់វគ្គបន្ត ខណៈ កម្ពុជា លីបង់ និងម៉ុងហ្គោលី អស់ភារៈកិច្ចត្រឹមវគ្គនេះ៕