Close

លោក Biden បង្ហាញការខកចិត្តដែលលោក Xi មិនចូលរួមកិច្ចប្រជុំ G20

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Biden បង្ហាញការខកចិត្តដែលលោក Xi មិនចូលរួមកិច្ចប្រជុំ G20 លោក Biden បង្ហាញការខកចិត្តដែលលោក Xi មិនចូលរួមកិច្ចប្រជុំ G20

បរទេស ៖ ក្រោយទទួលបានដំណឹងថាប្រធានាធិបតីចិន លោក Xi Jinping នឹងមិនមានផែនការចូលរួមកិច្ចប្រជុំ G20 ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌានោះ លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង Delaware លោក Biden បានពោលថា លោកពិតជាខកចិត្តខ្លាំងណាស់ ប៉ុន្តែជឿជាក់ថាលោកនឹងអាចជួបជាមួយលោក Xi នៅពេលខាងមុខតែមិនអាចបញ្ជាក់ច្បាស់លាស់អំពីពេលវេលាណា ឬទីកន្លែងណានោះទេ។

កាសែតរ៉យទ័រធ្លាប់បានចេញផ្សាយហើយកាលពីសប្តាហ៍មុនដោយដកស្រង់សម្តីរបស់ក្រុមមន្ត្រីរដ្ឋាភិបាលចិន និងឥណ្ឌាដែលសុំមិនបញ្ចេញអត្តសញ្ញាណថា លោក Xi Jinping ទំនងជាមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅក្នុងប្រទេសឥណ្ឌាដោយផ្ទាល់នោះទេហើយ គណៈប្រតិភូ​របស់រដ្ឋាភិបាលក្រុង​ប៉េកាំង​​នឹង​ត្រូវ​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន Li Qiang ជំនួស​វិញ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទាល់នៅមិនទាន់បានធ្វើការបញ្ជាក់ជាផ្លូវការអំពីផែនការធ្វើដំណើររបស់មេដឹកនាំចិននៅឡើយទេដោយក្នុងនោះសូម្បីតែក្រសួងការបរទេសឥណ្ឌា និងចិនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសាកសួរអំពីបញ្ហានេះ។

គួរឲ្យដឹងដែរថា លោក Xi បានធ្វើដំណើរក្រៅប្រទេសចំនួនតែ២លើកប៉ុណ្ណោះ ចាប់តាំងពីការដកចេញនូវច្បាប់រឹតបន្តឹង Covid-19 ដ៏តឹងរឹងរបស់ប្រទេសចិន កាលពីចុងឆ្នាំ២០២២ដោយក្នុងនោះម្តងទៅកាន់ទីក្រុងមូស្គូក្នុងខែមីនា ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយលើកទី២គឺលោក Xi បានចូលរួមកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងកាលពីខែមុន។

លើសពីនេះផងដែរ អ្វីដែលគេអាចបញ្ជាក់ច្បាស់បាននៅពេលនេះគឺប្រធានាធិបតី Vladimir Putin ក៏នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នេះដែរ ហើយវិមានក្រមឡាំងបានអះអាងថាប្រទេសរុស្ស៊ីនឹងត្រូវបានជំនួស និងតំណាងនៅទីក្រុងញូវដែលីដោយរដ្ឋមន្ត្រីការបរទេស Sergey Lavrov ៕

អត្ថបទទាក់ទង