ស្ដាប់ចំណាប់អារម្មណ៍គ្រូបង្វឹកទាំងពីរ ជុំវិញការប៉ះគ្នារវាង ភ្នំពេញក្រោន ជាមួយ Tiffy Army ល្ងាចនេះ
(បាល់ទាត់)៖ គ្រូបង្វឹករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន លោក Oleg Starynskyi និងលោក ភា សុភ័ក្រ្តា គ្រូបង្វឹក Tiffy Army FC បានបង្ហាញពីចំណាប់អារម្មណ៍រៀងៗខ្លួន ជុំវិញការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ Tiffy Army FC ល្ងាចនេះ ក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ សប្ដាហ៍ទី៤។
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី៤ នេះ ក្រុមការពារដំណែងជើងឯកភ្នំពេញក្រោន ដែលទើបតែទទួលបានកៅអីឡើងទៅលេងក្នុងពានរង្វាន់ AFC Cup នឹងត្រូវបើកទ្វាកីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ក្រុមបាល់ទាត់ Tiffy Army FC នៅវេលាម៉ោង ៦៖០០នាទីល្ងាច។
មុនការប្រកួតមកដល់ លោក Oleg Starynskyi បាននិយាយក្នុងសន្និសិទ្ធសារព័ត៍មានថា ៖ «សមាគមកីឡាបាល់ទាត់ ខ.ភ.ម(Tiffy Army FC) គឺជាក្រុមដែលល្អ ជាក្រុមដែលខ្លាំង ពួកគេមានការប្រកួតប្រជែងខ្ពស់ សម្រាប់ឆ្នាំនេះ ពួកគេមានក្រុមមួយដែលថ្មី បើយើងប្រៀបធៀបជាមួយរដូវកាលមុន និងការប្រកួតលីគខាប់ ពួកគេកំពុងតែស្វែងរកទម្រង់លេងរបស់ខ្លួន ពួកគេធ្វើមិនបានល្អក្នុងការប្រកួតដំបូង តែការប្រកួតបន្តបន្ទាប់ធ្វើបានល្អ»។
ចំណែកលោក ភា សុភ័ក្រ្តា បានលើកឡើងយ៉ាងដូច្នេះថា៖« ដូចដែលយើងដឹងហើយ ភ្នំពេញក្រោន ជាក្រុមខ្លាំង ដែលទើបតែទទួលបានកៅអីលេងពាន AFC Cup ហើយជាមោទនភាព ដែលយើងប៉ះជាមួយក្រុមខ្លាំង ហើយកាលពីចុងសប្ដាហ៍នេះ ពួកគេទើបតែយកឈ្នះ ណាហ្គាវើលដ៍។ សម្រាប់ការប្រកួតនៅថ្ងៃស្អែក ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ភាពខ្លាំងរបស់ភ្នំពេញក្រោន និងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ»។
មុនការប៉ះគ្នានៅរសៀលនេះ ភ្នំពេញក្រោន បានយកឈ្នះ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ក្នងលទ្ធផល ៣ ទល់នឹង ២ ខណៈក្រុម Tiffy Army FC បានយកឈ្នះ Angkor Tiger ក្នុងលទ្ធផល ៣ ទល់នឹង ០។
គួរបញ្ជាក់ថា ឆ្លងការតាមរយៈការប្រកួតចំនួន៣ ភ្នំពេញក្រោន ឈ្នះ២ ចាញ់១ មាន ៦ពិន្ទុ ឈរនៅលេខរៀង៥ ខណៈ Tiffy Army FC ឈ្នះ១ ចាញ់១ ស្មើ១ មាន ៤ពិន្ទុ ឈរនៅលេខរៀងទី៦ ក្នុងតារាង៕