ភ្នំពេញក្រោន យកឈ្នះ Tampines Rovers របស់សិង្ហបុរី ឡើងវគ្គចែកពូល AFC Cup 2023
កាលពីយប់ថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ុយគ្រែន លោក Oleg Starynskyi បានទទួលជ័យជំនះ លើក្រុម Tampines Rovers FC របស់សិង្ហបុរី ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ AFC Cup វគ្គជម្រុះ Play Off Round ASEAN Zone នាកីឡដ្ឋាន Jalan Besar ។
ការប្រកួតដ៏ជកចិត្តយប់មិញនេះ មានគ្រាប់បាល់កើតឡើងរហូតដល់ ៥គ្រាប់ ក្នុងនោះ ក្រុមភ្ញៀវភ្នំពេញក្រោន រកបាន ៣គ្រាប់ ហើយម្ចាស់ផ្ទះរកបាន ២គ្រាប់។ ៣គ្រាប់នៅលើស្មៅសិប្បនិមិត្តរបស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីដោយ បរទេសទាំងអស់ ពោលគឺកីឡាករជប៉ុន Yudai Ogawa, Shintaro Shimizu និងកីឡាករកូឡុំប៊ី Andrés Nieto ខណ:២គ្រាប់របស់ Tampines Rovers ស៊ុតដោយ Boris Kopitovic ។
ជុំវិញជ័យជំនះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានលើកឡើងថា៖ «ខ្ញុំផ្ញើរភាពរីករាយនេះទៅកាន់ប្រជាជនកម្ពុជា ព្រោះនេះពិតជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលយើងតំណាងឲ្យក្រុមកម្ពុជា យើងបានឈ្នះ ២ប្រកួត ហើយពេលនេះយើងបានដល់វគ្គចែកពូលហើយ ។ យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន»។
ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមបាល់ទាត់ PSM Makassar របស់ឥណ្ឌូណេស៊ី បានលត់ក្រុម Yangon United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤ ទល់នឹង ០។ ដូច្នេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា និង PSM Makassar របស់ឥណ្ឌូណេស៊ី ដឹកដៃគ្នាឡើងទៅកាន់វគ្គចែកពូល ខណៈដែលមានក្រុមសរុប ៣៦ក្រុម។
គួរបញ្ជាក់ថា ពានរង្វាន់ AFC Cup 2023 បែងចែកជាតំបន់ចំនួន៥ ពៅលគឺមានអាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគេ្នយ៍៕