Close

ម្ចាស់កសិកដ្ឋានមួយកន្លែង ដាក់គោលដៅចញ្ចឹមសត្វឱ្យបាន៤០០ប្រភេទ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ សង្គម
ម្ចាស់កសិកដ្ឋានមួយកន្លែង ដាក់គោលដៅចញ្ចឹមសត្វឱ្យបាន៤០០ប្រភេទ ម្ចាស់កសិកដ្ឋានមួយកន្លែង ដាក់គោលដៅចញ្ចឹមសត្វឱ្យបាន៤០០ប្រភេទ

ក្នុងនាមជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម កម្ពុជាចាំបាច់ត្រូវពង្រឹងរបៀបធ្វើកសិកម្មរបស់ប្រជាជនបន្ថែមទៀត តាមរយៈការងាកទៅធ្វើកសិកម្មបែបទំនើប។ កសិកម្មទំនើប សំដៅលើ របៀបនៃការធ្វើកសិកម្មដោយពឹងផ្អែកលើបច្ចេកទេសច្បាស់លាស់ មិនមែនធ្វើតាមទម្លាប់បែបប្រពៃណី។

ដើម្បីពង្រឹងការធ្វើកសិកម្មឱ្យបានកាន់តែល្អប្រសើរ កម្ពុជាមានភាពចាំបាច់បន្តទៀតក្នុងការបណ្ដុះធនធានមនុស្សដែលយល់ដឹងពីបច្ចេកទេស ហើយប្រសិនបើទទួលបានជោគជ័យ សុវត្ថិភាពស្បៀងនឹងត្រូវបានធានាបើទោះជាពិភពលោកកំពុងជួបប្រទះបញ្ហាក៏ដោយ។

ជាការរួមចំណែកក្នុងការសម្រេចឲ្យបាននូវសន្តិសុខស្បៀង កសិដ្ឋានមួយនៅខេត្តមណ្ឌលគិរីបានដាក់គោលដៅធំមួយ គឺចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ពូជដល់កសិករឱ្យបាន៤០០មុខ ដែលដូចទៅនឹង​ឈ្មោះកសិដ្ឋានស្រាប់គឺ «កសិដ្ឋាន ៤០០»។

លោក ហាច ឆន ជាម្ចាស់កសិដ្ឋាននេះបានរៀបរាប់ឱ្យដឹងថា រូបលោកជាអ្នកបញ្ចប់ការសិក្សាផ្នែកកសិកម្មស្រាប់ ហើយថែមទាំងមានបទពិសោធន៍លើវិស័យនេះផងដែរ ព្រោះលោកធ្លាប់ធ្វើការងារច្រើនជាមួយរដ្ឋាភិបាល ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល។

លើសពីនេះទៅទៀត តាមរយៈការគាំទ្រពីរដ្ឋាភិបាល ជារឿយៗលោកតែងបានឱកាសទៅធ្វើ​ទស្សនៈកិច្ចនៅប្រទេសជាច្រើនដែលមានភាពជោគជ័យលើការអនុវត្តកសិកម្មបែបទំនើប។

ក្រោមមហិច្ឆតាបូកផ្សំនឹងចំណេះដឹង បានបណ្ដុះឆន្ទៈឱ្យម្ចាស់កសិដ្ឋានរូបនេះប្រឹងប្រែងធ្វើការបន្ថែមទៀត ដើម្បីចែករំលែកពូជសត្វចិញ្ចឹមល្អៗ ក៏ដូចជាចែករំលែកចំណេះដឹងបច្ចេកទេសដល់កសិករដទៃទៀត ផងដែរ។

លោក ហាច ឆន បានរៀបរាប់ថា៖ « គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតរបស់យើង​គឺយកកសិដ្ឋានជាកន្លែង​ជួបជុំរវាងសហគមន៍ រវាងសិស្ស និស្សិតមកសិក្សា ហើយជួបជជែកគ្នាថា​អំពីគំនិត និងបច្ចេកទេសមួយចំនួន ហើយថាទៅវិញ​គាត់​អាចធ្វើអីបានដើម្បីចូលរួមលើកស្ទួយ​វិស័យកសិកម្ម»។

លោកបន្តឱ្យដឹងថា តាមរយៈការជួបជុំនេះ ប្រជាកសិករតែងមានការចាប់អារម្មណ៍ច្រើន និងទិញយក ពូជសត្វ ក៏ដូចជាពូជបន្លែយកទៅដាំតាមបច្ចេកទេស​ថ្មី។ ហើយនៅពេលដែលបានផលហើយ លោកក៏មានការសហការដើម្បីរួមគ្នាលក់ទៅកាន់ទីផ្សារទូទាំងប្រទេសផងដែរ។

សម្រាប់គោលដៅក្នុងការចិញ្ចឹមសត្វឱ្យបាន៤០០ប្រភេទវិញ លោកក៏បានរៀបរាប់ដែរថា ៖ «ដើម្បីសម្រេចគោលដៅនេះ យើងបានបែងចែកជាផ្នែកផ្សេងៗគ្នា ទី១គឺការចិញ្ចឹមមាន់ស្រែ និងសត្វស្លាប ក្នុងផ្នែកនេះគ្រាន់តែបក្សី២០០ប្រភេទទៅហើយ ទី២គឺវារីវប្បកម្ម ​ដែលខ្ញុំបានពង្រីក​អាងចិញ្ចឹមសត្វក្នុងទឹកដល់ ៤០០អាង និងមានសត្វជាង៣០ប្រភេទ…បន្ទាប់មកទៀតគឺការចិញ្ចឹម សត្វជើង៤ ហើយក្រៅពីនោះជាការកែច្នៃ និងបង្កាត់ពូជបន្ថែម»។

ជាមួយគ្នានេះដែរ លោកក៏បានសហការជាមួយក្រុមហ៊ុនក្រៅប្រទេស ដើម្បីយកម៉ាស៊ីនដែលបម្រើឱ្យ វិស័យកសិកម្មចូលមកក្នុងស្រុកផងដែរ។ ក្នុងនោះ ក៏មាននូវប្រភេទម៉ាស៊ីកិនចំណី ដែលជួយឱ្យកសិ ករចំណេញថ្លៃដើមបានស្ទើរតែពាក់កណ្ដាល បើធៀបនឹងការទិញចំណីស្រាប់ៗពីទីផ្សារ។

តាមរយៈគោលដៅទាំងនេះ លោក ហាច ឆន រំពឹងថា កសិដ្ឋានរបស់លោកនឹងមានចំណែកមួយផ្នែក ក្នុងការជំរុញវិស័យកសិកម្មកម្ពុជាឱ្យដើរទៅមុខ ជាពិសេសពង្រីកទីផ្សារកសិកម្មបន្ថែមទៀត ដោយមិនផ្ដោតតែការនាំចេញក្នុងស្រុកឡើយ៕

អត្ថបទទាក់ទង